ខ្ញុំចាប់ផ្តើមសូត្រគម្ពីរគួរអាននឹងព្រះនាមអល់ឡោះ និងសុំជំនួយពីទ្រង់ ដោយសុំពីទ្រង់ឲ្យផ្តល់នូវពរជ័យតាមរយៈការរំលឹកព្រះនាមទ្រង់ផងដែរ។ ជាការពិតណាស់ នៅក្នុងពាក្យ”ពីសមិលឡះ”នេះ មានផ្ទុកទៅដោយព្រះនាមដ៏ល្អប្រពៃរបស់អល់ឡោះចំនួនបីគឺ ៖ ១. الله (អល់ឡោះ) មានន័យថា អ្នកដែលត្រូវគេគោរពសក្ការៈដ៏ពិត។ វាជាព្រះនាមពិសេសដោយឡែកសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់ ហើយគេមិនប្រសិទ្ធិនាមនាមនេះចំពោះអ្នកផ្សេងក្រៅពីទ្រង់ឡើយ។ ២. الرحمن (អាល់រ៉ោះម៉ាន) មានន័យថា អ្នកដែលមានក្តីមេត្តាករុណាដ៏ទូលំទូលាយ។ វាជាក្តីមេត្តាពីខ្លួនរបស់ទ្រង់ផ្ទាល់។ ៣. الرحيم (អាល់រ៉ហ៊ីម) មានន័យថា អ្នកដែលមានក្តីមេត្តាករុណាជាពិសេស។ វាគឺជាក្តីមេត្តាសម្រាប់អ្នកដែលទ្រង់មានចេតនាក្នុងចំណោមម៉ាខ្លូក(អ្វីៗទាំងអស់ដែលអល់ឡោះបានបង្កើត)របស់ទ្រង់ ហើយក្នុងចំណោមពួកគេនោះ គឺបណ្តាអ្នកមានជំនឿក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។