Khmer Abridged Explanation of the Quran
2:61 - 2:61

ហើយចូរពួកអ្នកចងចាំ នៅពេលដែលពួកអ្នកបានរមិលគុណចំពោះឧបការគុណនៃម្ចាស់របស់ពួកអ្នក ដោយពួកអ្នកធុញទ្រាន់ក្នុងការបរិភោគ(ចំណីអាហារ)ដែលអល់ឡោះបានបញ្ចុះឱ្យពួកអ្នក ដូចជាអាល់ម៉ាន់(ជាប្រភេទចំណីដែលមានរសជាតិផ្អែម) និងសត្វក្រួចនោះ ដោយពួកអ្នកបាននិយាយថាៈ ពួកយើងមិនអាចអត់ទ្រាំលើ(ការបរិភោគ)ចំណីអាហារតែមួយមុខ(ដដែលៗ)ដោយមិនមានការផ្លាស់ប្តូរ(មុខម្ហូប)បែបនេះបានទេ។ ពេលនោះ ពួកអ្នកបានសុំព្យាការីមូសាឱ្យបួងសួងសុំពីអល់ឡោះឱ្យទ្រង់បពោ្ចញឱ្យពួកអ្នកនូវអ្វីដែលគេបណ្ដុះចេញពីដី ដូចជាជី ត្រសក់ ខ្ទឹមស សណ្ដែក និងខ្ទឹមក្រហមជាដើម។ ព្យាការីមូសាបានតបវិញ(ដោយបដិសេធសំណើរបស់ពួកគេ)ថាៈ តើពួកអ្នកសុំប្ដូររបស់ដែលល្អយករបស់ដែលអន់ឬ? អាល់ម៉ាន់(ជាប្រភេទចំណីដែលមានរសជាតិផ្អែម) និងសត្វក្រួច គឺជាចំណីអាហារដែលល្អប្រសើរ និងថ្លៃថ្នូរបំផុតហើយ។ ជាការពិតណាស់ ពួកអ្នកទទួលបានវាដោយមិនគ្មានហត់នឿយអ្វីសោះ(ដោយអល់ឡោះទ្រង់បញ្ចុះវាពីលើមេឃមកឲ្យពួកអ្នកតែម្តង)។ ចូរពួកអ្នកចាកចេញពីទឹកដីនេះទៅរស់នៅទីក្រុងណាមួយផ្សេងចុះ ពួកអ្នកនឹងប្រទះឃើញអ្វីដែលពួកអ្នកស្នើសុំ(ទាមទារចង់បាន)នោះមាននៅក្នុងចម្ការ និងនៅតាមទីផ្សារនានាជាមិនខាន។ ដោយសារតែការដើរតាមទំនើងចិត្ត និងការប្រឆាំងជាបន្តបន្ទាប់របស់ពួកគេចំពោះអ្វីដែលអល់ឡោះបានជ្រើសរើសឱ្យពួកគេនោះ ពួកគេត្រូវបានទទួលរងនូវភាពអាប់ឱន ភាពក្រខ្សត់ និងគ្រោះទុរ្ភឹក្ស ហើយពួកគេបានវិលត្រឡប់មកវិញដោយមានការខឹងសម្បាពីអល់ឡោះជាម្ចាស់ ដោយសារតែពួកគេបានងាកចេញពីសាសនារបស់ទ្រង់ ហើយប្រឆាំងនឹងបណ្ដាភសុ្ដតាងរបស់ទ្រង់ ព្រមទាំងបានសម្លាប់ព្យាការីជាច្រើនរបស់ទ្រង់ដោយបំពាន និងភាពជាសត្រូវ។ ទាំងនោះគឺដោយសារតែពួកគេបានប្រព្រឹត្តល្មើសនឹងអល់ឡោះជាម្ចាស់ ព្រមទាំងបានបំពានលើព្រំដែនរបស់ទ្រង់។