Khmer Abridged Explanation of the Quran
2:102 - 2:102

នៅពេលដែលពួកគេបោះបង់ចោលសាសនារបស់អល់ឡោះ ពួកគេបែរជាបានធ្វើតាមពាក្យភូតកុហកបោកប្រាស់របស់ស្ហៃតន(ចោទប្រកាន់)ទៅលើរជ្ជកាលរបស់ព្យាការីស៊ូឡៃម៉ានទៅវិញ ដោយវាបានអះអាងថា៖ ពិតប្រាកដណាស់ ព្យាការីសូឡៃម៉ានបានរក្សាអំណាចរបស់គាត់ដោយការប្រើមន្តអាគម។ ហើយព្យាការីស៊ូឡៃម៉ានមិនបានប្រឆាំង(នឹងអល់ឡោះ)ដោយការប្រើមន្តអាគម(ដូចដែលពួកយូដាបានអះអាង)នោះទេ ក៏ប៉ុន្តែពួកស្ហៃតនទេដែលបានប្រឆាំងនោះ ដោយពួកវាបានបង្រៀនមន្តអាគមដល់មនុស្សលោក។ ហើយពួកវាបានបង្រៀនមនុស្សលោកនូវមន្តអាគមដែលគេបញ្ចុះទៅចំពោះម៉ាឡាអីកាត់ទាំងពីរគឺ ម៉ាឡាអ៊ីកាត់ហារូត និងម៉ារូត នៅទីក្រុងបាប៊ីឡូនក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីជាការសាកល្បងចំពោះមនុស្សលោក។ ហើយម៉ាឡាអីកាត់ទាំងពីរនេះមិនបាបនបង្រៀនមន្តអាគមដល់នរណាម្នាក់នោះទេ លុះត្រាតែគេទាំងពីរបានព្រមាន និងបញ្ជាក់(ប្រាប់ដល់មនុស្ស)ដោយពាក្យសម្តីរបស់ពួកគេថា៖ តាមពិត ពួកយើងគ្រាន់តែជាអ្នកសាកល្បងចំពោះមនុស្សលោកប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកកុំប្រឆាំង(នឹងអល់ឡោះ)តាមរយៈការរៀនសូត្រនូវមន្តអាគមនេះឲ្យសោះ។ ពេលនោះ អ្នកណាដែលមិនទទួលយកការណែនាំរបស់គេទាំងពីរទេនោះ ក៏បានរៀនមន្តអាគមនោះពីអ្នកទាំងពីរ ដែលក្នុងនោះ គឺមានមន្តអាគមមួយប្រភេទដែលធ្វើឲ្យប្តីប្រពន្ធបែកបាក់គ្នា តាមរយៈការបណ្តុះនូវភាពខឹងសម្បាររវាងគ្នាទៅវិញទៅមក។ ប៉ុន្តែអ្នកដែលចេះមន្តអាគមទាំងនោះមិនអាចធ្វើឲ្យនរណាម្នាក់មានគ្រោះថ្នាក់បានឡើយ លើកលែងតែដោយមានការអនុញ្ញាតពីអល់ឡោះ និងចេតនារបស់ទ្រង់ប៉ុណ្ណោះ។ ហើយពួកគេ(មនុស្សលោក)ក៏បានរៀននូវអ្វីដែលផ្តល់នូវគ្រោះថ្នាក់ដល់ពួកគេ និងគ្មានបានផលប្រយោជដល់ពួកគេទាល់តែសោះ។ ជាការពិតណាស់ ពួកយូដាទាំងនោះបានដឹងហើយថា ជនណាហើយដែលបានប្តូរយកមន្តអាគមនឹងគម្ពីររបស់អល់ឡោះនោះ រូបគេនឹងមិនទទួលបានចំណែកអ្វីឡើយនៅថ្ងៃបរលោក។ វាជាអំពើដ៏អាក្រក់បំផុតដែលពួកគេបានលក់ខ្លួនរបស់គេប្តូរយកមន្តអាគម ដោយពួកគេប្តូរយកមន្តអាគមនឹងវាហ៊ីរបស់អល់ឡោះនិងច្បាប់បញ្ញត្តិរបស់ទ្រង់នោះ។ ប្រសិនបើពួកគេបានដឹងនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេនោះ ពួកគេនឹងមិនធ្វើនូវទង្វើអាក្រក់និងវង្វេងដ៏ច្បាស់លាស់នេះនោះទេ។