Khmer Abridged Explanation of the Quran
2:136 - 2:136

ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ពោលទៅកាន់ពួកដែលអះអាងមិនត្រឹមត្រូវក្នុងចំណោមពួកយូដានិងពួកណាសរ៉នីនោះថាៈ ពួកយើងមានជំនឿចំពោះអល់ឡោះនិងគម្ពីរគួរអានដែលគេបានបញ្ចុះមកឲ្យពួកយើង ហើយពួកយើងមានជំនឿចំពោះអ្វីដែលគេបានបញ្ជុះទៅលើព្យាការីអ៊ីព្រហ៊ីមនិងកូនចៅរបស់គាត់ គឺព្យាការីអ៊ីស្មាអែល ព្យាការីអ៊ីស្ហាក និងព្យាការីយ៉ាក់កូប ហើយពួកយើងក៏មានជំនឿផងដែរចំពោះអ្វីដែលគេបានបញ្ចុះទៅលើបណ្តាព្យាការីទាំងឡាយក្នុងចំណោមកូនចៅពូជពង្សរបស់ព្យាការីយ៉ាក់កូប។ ហើយពួកយើងមានជំនឿចំពោះគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)ដែលអល់ឡោះបានប្រទានឲ្យព្យាការីមូសា(ម៉ូសេ) និងគម្ពីរអ៊ិនជីលដែលអល់ឡោះបានប្រទានឲ្យព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត) ព្រមទាំងមានជំនឿចំពោះបណ្តាគម្ពីរទាំងអស់ដែលអល់ឡោះបានប្រទានឲ្យបណ្តាព្យាការីទាំងឡាយ។ ពួកយើងមិនបែងចែកនរណាម្នាក់ក្នុងចំណោមពួកគេ(ព្យាការីទាំងឡាយ) ដោយមានជំនឿលើព្យាការីខ្លះ ហើយបដិសេធនឹងព្យាការីខ្លះទៀតនោះទេ។ ផ្ទុយទៅវិញ គឺពួកយើងមានជំនឿលើពួកគាត់ទាំងអស់គ្នា ហើយចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលពួកយើងគោរព និងឱនលំទោន។