ឬក៏ពួកអ្នក(ឱពួកអះលីគីតាប)និយាយថាៈ ព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាអែល ព្យាការីអ៊ីស្ហាក ព្យាការីយ៉ាក់កូប និងបណ្តាព្យាការីដទៃក្នុងចំណោមកូនចៅពូជអម្បូររបស់ព្យាការីយ៉ាក់កូបនោះ ពួកគេស្ថិតនៅលើសាសនាយូដា និងណាសរ៉នី(គ្រឹស្ទាន)ឬ? ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ឆ្លើយតបទៅកាន់ពួកគេវិញចុះថាៈ តើពួកអ្នកដឹងច្បាស់ជាង ឬមួយអល់ឡោះជាម្ចាស់ដឹងច្បាស់ជាង? ប្រសិនបើពួកគេអះអាងថា ពួកគាត់(បណ្តាព្យាការីទាំងនោះ)ស្ថិតនៅលើសាសនារបស់ពួកគេ(ពួកអះលីគីតាប)នោះ ពិតណាស់ ពួកគេបានភូតកុហកហើយ ដោយសារបណ្តាព្យាការីទាំងនោះ ត្រូវបានគេតែងតាំង(ជាអ្នកនាំសារ)និងបានស្លាប់ទៅវិញមុនពេលដែលគេបញ្ចុះគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)និងគម្ពីរអិនជីលទៅទៀត។ តាមរយៈនេះ គេអាចដឹងថា ជាការពិតណាស់ អ្វីដែលពួកគេបាននិយាយនោះ គឺជាការភូតកុហកទៅលើអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ហើយ ហើយពួកគេបានលាក់បាំងការពិតដែលគេបានបញ្ចុះទៅលើពួកគេ។ ហើយគ្មាននរណាម្នាក់ដែលជាអ្នកបំពានខ្លាំងបំផុតជាងអ្នកដែលលាក់បាំងការពិតដែលមានក្នុងខ្លួនរបស់គេទាំងដែលគេដឹងថា វានោះគឺមកពីអល់ឡោះ ដូចជាទង្វើរបស់ពួកអះលីគីតាបនេះនោះទេ។ ហើយអល់ឡោះមិនព្រងើយកន្តើយចំពោះទង្វើរបស់ពួកអ្នកឡើយ ហើយទ្រង់នឹងតបស្នងទៅចំពោះពួកអ្នកវិញនូវអ្វីដែលពួកអ្នកបានសាង។