Khmer Abridged Explanation of the Quran
2:144 - 2:144

ពិតប្រាកដណាស់ យើង(អល់ឡោះ)ពិតជាបានឃើញអ្នក(ឱព្យាការីមូហាំម៉ាត់)បែរមុខរបស់អ្នកហើយសម្លឹងមើលទៅលើមេឃ ជាការតាមដាន និងទង្ទឹងរង់ចាំនៃការបញ្ចុះវ៉ាហ៊ីចំពោះរឿងរ៉ាវពាក់ព័ន្ធនឹងទិសគិបឡាត់ និងការបង្វែរវាឆ្ពោះទៅកាន់ទិសណាមួយដែលអ្នកពេញចិត្ត។ ដូចនេះ យើងពិតជានឹងបំបែរអ្នកទៅកាន់ទិសគិបឡាត់មួយដែលអ្នកយល់ព្រម និងពេញចិត្ត (គឺពៃទុលឡោះ អាល់ហារ៉ម) ជំនួសទិសគិបឡាត់ពៃទុលមឹកទីស(ក្រុងយេរូសាឡឹម)បច្ចុប្បន្ននេះវិញ។ ដូច្នេះ ចូរអ្នកបែរមុខរបស់អ្នកតម្រង់ទៅកាន់ទិសពៃទុលឡោះអាល់ហារ៉ម នៅឯទីក្រុងម៉ាក្កះចុះ។ ហើយទោះបីជាពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ស្ថិតនៅទីកន្លែងណាក៏ដោយ ចូរពួកអ្នកតម្រង់មុខរបស់ពួកអ្នកទៅកាន់ទិសពៃទុលឡោះអាល់ហារ៉មចុះនៅពេលប្រតិបត្តិសឡាត។ ហើយជាការពិតណាស់ បណ្តាអ្នកដែលត្រូវបានគេផ្ដល់គម្ពីរឱ្យនៃពួកយូដានិងពួកណាសរ៉នីនោះ ពួកគេដឹងយ៉ាងច្បាស់ថា ការផ្លាស់ប្ដូរទិសគិបឡាត់នោះ វាគឺជាការពិតដែលត្រូវបានបញ្ចុះមកពី(អល់ឡោះ)អ្នកដែលបង្កើតពួកគេ និងជាអ្នករៀបចំកិច្ចការរបស់ពួកគេ ដោយសារតែបញ្ហានោះ ក៏មានចែងនៅក្នុងគម្ពីររបស់ពួកគេផងដែរ។ ហើយអល់ឡោះមិនព្រងើយកន្ដើយចំពោះអ្វីដែលពួកបដិសេធនឹងការពិតទាំងនោះកំពុងតែប្រព្រឹត្ដនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់ជាអ្នកដឹងបំផុតចំពោះរឿងនោះ ហើយទ្រង់នឹងតបស្នងចំពោះពួកគេនូវអ្វីដែលពួកគេបានសាង។