Khmer Abridged Explanation of the Quran
2:165 - 2:165

ហើយបើទោះបីជាមានបណ្តាភស្តុតាងដ៏ជាក់ច្បាស់ទាំងនោះហើយក៏ដោយ ក៏នៅមានមនុស្សមួយចំនួនបានយកព្រះផ្សេងពីអល់ឡោះធ្វើជាម្ចាស់ ដោយពួកគេបានចាត់ទុកព្រះទាំងនោះស្មើនឹងអល់ឡោះ។ ពួកគេស្រឡាញ់ព្រះទាំងនោះដូចជាពួកគេស្រឡាញ់អល់ឡោះដែរ។ ចំណែកឯបណ្តាអ្នកមានជំនឿវិញ ពួកគេស្រឡាញ់អល់ឡោះខ្លាំងជាងពួកគេ(ពួកគ្មានជំនឿ)ស្រឡាញ់ព្រះរបស់ពួកគេទៅទៀត ពីព្រោះអ្នកដែលមានជំនឿនឹងអល់ឡោះ ពួកគេមិនបានធ្វើស្ហ៊ីរិក(ពហុទេពនិយម)ជាមួយនឹងអល់ឡោះឡើយ។ ហើយពួកគេស្រឡាញ់អល់ឡោះទាំងគ្រាស្រណុកសុខស្រួល និងគ្រាលំបាកវេទនា។ ចំណែកពួកគ្មានជំនឿនឹងអល់ឡោះវិញ ពួកគេស្រឡាញ់ព្រះរបស់ពួកគេតែនៅក្នុងគ្រាស្រណុកសុខស្រួលប៉ុណ្ណោះ។ ចំណែកឯនៅគ្រាលំបាកវិញ គឺពួកគេគ្មានបួងសួងសុំទៅចំពោះអ្នកណាក្រៅពីអល់ឡោះឡើយ។ ហើយប្រសិនបើពួកបំពានដោយការធ្វើស្ហ៊ីរិករបស់ពួកគេជាមួយនឹងអល់ឡោះនិងការសាងអំពើបាបរបស់ពួកគេបានឃើញពីស្ថានភាពរបស់ពួកគេនៅថ្ងៃបរលោក ខណៈដែលពួកគេបានឃើញទណ្ឌកម្ម(ផ្ទាល់នឹងភ្នែក)នោះ គឺពួកគេនឹងដឹងយ៉ាងច្បាស់ថា ព្រះជាម្ចាស់ដែលពោរពេញទៅដោយភាពខ្លាំងពូកែតែមួយគត់នោះ គឺជាអល់ឡោះជាម្ចាស់។ ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុតចំពោះជនណាដែលប្រឆាំងនឹងទ្រង់។ ប្រសិនបើជាពួកគេបានឃើញទណ្ឌកម្មយ៉ាងដូច្នោះនោះ ពិតណាស់ពួកគេប្រាកដជានឹងមិនធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់នោះឡើយ។