Khmer Abridged Explanation of the Quran
2:173 - 2:173

ជាការពិតណាស់ អល់ឡោះជាម្ចាស់បានដាក់បម្រាមទៅលើពួកអ្នកមិនឱ្យទទួលទានចំណីអាហារ(សត្វ)ទាំងឡាយណាដែលបានស្លាប់ដោយពុំបានសម្លេះ(ត្រឹមត្រូវ)ស្របទៅតាមច្បាប់ឥស្លាម និងឈាមដែលហូរ សាច់ជ្រូក និងអ្វីដែលគេសម្លេះដោយរំលឹកនាមផ្សេងពីព្រះនាមរបស់អល់ឡោះនោះ។ តែប្រសិនបើជនណាត្រូវបានគេបង្ខំឱ្យទទួលទាន(របស់ទាំងនេះ) ដោយគេពុំមែនជាអ្នកដែលបំពាន តាមរយៈការទទួលទានអំពីវាដោយគ្មានតម្រូវការចាំបាច់ ឬក៏ពុំមែនជាអ្នករំលងព្រំដែននៃតម្រូវការចាំបាច់របស់គេទេនោះ គឺគ្មានទោសពៃរ៍ និងទណ្ឌកម្មអ្វីឡើយចំពោះរូបគេ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយមហាមេត្តាករុណាបំផុតចំពោះពួកគេ ហើយក្នុងចំណោមក្តីមេត្តារបស់ទ្រង់នោះ គឺទ្រង់បានអនុគ្រោះ(ដល់ពួកគេ)ឱ្យទទួលទានអាហារដែលត្រូវបានគេហាមឃាត់(ហារ៉ាំ)ទាំងនេះនៅពេលដែលមានតម្រូវការចាំបាច់បំផុត។