ពិតប្រាកដណាស់ ពួកដែលបានលាក់បាំងនូវបណ្តាគម្ពីរដែលអល់ឡោះបានបញ្ចុះមក ហើយនិងអ្វីដែលមាននៅក្នុងវានៃសញ្ញាភស្តុតាងដែលបញ្ជាក់ទៅលើសេចក្តីពិត និងភាពជាព្យាការីរបស់ព្យាការីមូហាំម៉ាត់ដូចដែលពួកយូដានិងពួកណាសរ៉នីបានប្រព្រឹត្ត ដោយពួកគេបានប្តូរការលាក់បាំងរបស់ពួកគេនោះជាមួយនឹងកម្រៃបន្តិចបន្តួច ដូចជាតំណែង ឋានៈសក្តិ ឬទ្រព្យសម្បត្តិនោះ ធាតុពិត អ្វីដែលពួកគេទទួលទានចូលទៅក្នុងពោះរបស់ពួកគេនោះ គ្មានអ្វីក្រៅពីមូលហេតុដែលនាំឲ្យពួកគេទទួលទណ្ឌកម្មក្នុងឋាននរកនោះឡើយ។ ហើយអល់ឡោះនឹងមិនមានបន្ទូលជាមួយពួកគេនៅថ្ងៃបរលោកនូវអ្វីដែលពួកគេចូលចិត្តឡើយ ផ្ទុយទៅវិញ គឺមានតែការស្តីបន្ទោសប៉ុណ្ណោះ ហើយទ្រង់ក៏មិនជម្រះសម្អាតពួកគេ និងមិនសរសើរពួកគេឡើយ។ ហើយពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។