ជាការពិតណាស់ កាលពីដំបូង អល់ឡោះបានហាមឃាត់លើបុរសភេទ ប្រសិនបើរូបគេបានដេកនៅពេលយប់នៃខែបួស ហើយក្រោយមក គេបានក្រោកពីដំណេកមុនហ្វាជើរ(សេតារុណ)រះនោះ គឺគេមិនអាចទទួលទានអាហារ ឬរួមដំណេកជាមួយនឹងភរិយារបស់គេបាននោះទេ។ ប៉ុន្តែពេលនេះ ច្បាប់នេះត្រូវបានអល់ឡោះផ្លាស់ប្តូរវិញ ដោយអល់ឡោះបានអនុញ្ញាតឱ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)អាចរួមដំណេកជាមួយភរិយារបស់ពួកអ្នកបាននៅពេលយប់នៃខែបួសបាន។ ពិតណាស់ ពួកនាងគឺជាសម្លៀកបំពាក់សម្រាប់ពួកអ្នកនិងជាភាពបរិសុទ្ធសម្រាប់ពួកអ្នក ហើយពួកអ្នកក៏ជាសម្លៀកបំពាក់និងជាភាពបរិសុទ្ធសម្រាប់ពួកនាងដែរ ពោលគឺពួកអ្នកមិនអាចខ្វះគ្នាបានឡើយ។ អល់ឡោះបានដឹងថា ពួកអ្នកបានក្បត់ខ្លួនឯងដោយធ្វើប្រការដែលទ្រង់បានហាមឃាត់។ បន្ទាប់មក ទ្រង់បានអាណិតអាសូរពួកអ្នក ហើយទទួលយកការសារភាពកំហុសរបស់ពួកអ្នក និងបានបន្ធូរបន្ថយដល់ពួកអ្នក។ ហេតុដូច្នេះ ចាប់ពីពេលនេះទៅ ចូរពួកអ្នករួមដំណេកជាមួយពួកនាង ហើយចូរពួកអ្នកសុំកូនចៅពីទ្រង់ចំពោះអ្វីដែលទ្រង់បានកំណត់សម្រាប់ពួកអ្នក។ ហើយចូរពួកអ្នកហូបនិងផឹកនៅពេលយប់ រហូតដល់ហ្វាជើរពិត(ហ្វាជើរលើកទីពីរ)បានបង្ហាញឱ្យពួកអ្នកឃើញច្បាស់ ដោយផ្ទៃមេឃមានពន្លឺពណ៌សនៃហ្វាជើរ(សេតារុណ)ដាច់ចេញពីផ្ទៃពណ៌ខ្មៅនៃស្បៃរាត្រី។ បន្ទាប់មក ចូរពួកអ្នកបំពេញការបួសដោយការតមនូវប្រការណាដែលនាំឲ្យខូចបួស រហូតដល់ថ្ងៃលិចចុះ។ ហើយពួកអ្នកមិនត្រូវរួមដំណេកជាមួយភរិយារបស់ពួកអ្នកខណៈពេលដែលពួកអ្នកកំពុងតែអៀកទីកាហ្វ(តាំងសមាធិ)នៅក្នុងម៉ាស្ជិតឡើយ ព្រោះថាការប្រព្រឹត្តដូចនោះ នាំឱ្យខូចអៀកទីកាហ្វ(របស់ពួកអ្នក)។ បណ្តាច្បាប់ដែលបានលើកឡើងទាំងនេះ គឺជាព្រំដែនរបស់អល់ឡោះ ដែលទ្រង់បានបកស្រាយបញ្ជាក់ពីប្រការដែលអនុញ្ញាត និងប្រការដែលត្រូវបានហាមឃាត់។ ដូច្នេះ ចូរពួកអ្នកកុំទៅជិតវាឱ្យសោះ ពីព្រោះប្រសិនបើគេទៅជិតព្រំដែនរបស់អល់ឡោះនោះ គឺគេអាចនឹងធ្លាក់ចូលទៅក្នុងប្រការដែលទ្រង់ហាមឃាត់។ ហើយដូចការបកស្រាយបញ្ជាក់យ៉ាងច្បាស់លាស់ពីបណ្តាក្រឹតច្បាប់ទាំងនោះដែរ អល់ឡោះជាម្ចាស់ទ្រង់បានបកស្រាយបញ្ជាក់នូវបណ្តាវាក្យខណ្ឌរបស់ទ្រង់ដល់មនុស្សលោកដើម្បីឲ្យពួកគេមានការកោតខ្លាចចំពោះទ្រង់ដោយប្រព្រឹត្តតាមបទបញ្ជា និងបោះបង់ចោលនូវអ្វីដែលទ្រង់បានហាមឃាត់។