Khmer Abridged Explanation of the Quran
2:197 - 2:197

ពេលវេលានៃការធ្វើធម្មយាត្រាហាជ្ជី គឺត្រូវបានគេដឹងយ៉ាងច្បាស់ ពោលគឺចាប់ផ្តើមពីខែស្ហាវវ៉ាល់(ខែទី១០នៃមូហាំម៉ាត់សករាជ) ហើយបញ្ចប់ទៅវិញនៅត្រឹមថ្ងៃទីដប់នៃខែហ្ស៊ុលហិជ្ជះ(ខែទី១២នៃមូហាំម៉ាត់សករាជ)។ ដូចនេះ ចំពោះអ្នកដែលមានកាតព្វកិច្ចត្រូវធ្វើហាជ្ជីនៅអំឡុងខែទាំងនេះ ហើយគេបានចូលកាន់តំណមអៀហរ៉មរួចហើយនោះ គឺរូបគេត្រូវបានហាមឃាត់មិនឱ្យរួមភេទ ស្តីដណ្តឹង រៀបការ និងហាមឃាត់មិនឲ្យចាកចេញពីការគោរពប្រតិបត្តិអល់ឡោះ តាមរយៈការធ្វើអំពើបាបកម្មនោះឡើយ ដោយសារតែភាពធំធេងនៃពេលវេលានិងទីកន្លែងនោះ។ ហើយគេហាមឃាត់លើរូបគេមិនឲ្យឈ្លោះប្រកែកគ្នាដែលបណ្តាលឲ្យមានការខឹងសម្បារ និងទំនាស់នឹងគ្នានោះឡើយ។ ហើយអំពើល្អដែលពួកអ្នកបានសាងនោះ ទ្រង់ពិតជាជ្រាបដឹងនិងផ្តល់ការតបស្នងដល់ពួកអ្នកវិញ។ ហើយចូរពួកអ្នកសុំជំនួយលើការអនុវត្តកាតព្វកិច្ចហាជ្ជីនេះ ដោយយកអ្វីដែលពួកអ្នកត្រូវការទៅជាមួយដូចជាអាហារ និងទឹកផឹកជាដើម តែពួកអ្នកត្រូវដឹងថា ជំនួយល្អបំផុតដែលអ្នកត្រូវសុំចំពោះគ្រប់កិច្ចការទាំងអស់របស់ពួកអ្នកនោះ គឺការកោតខ្លាចអល់ឡោះ។ ដូចនេះ ចូរពួកអ្នកកោតខ្លាចយើងដោយការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់យើង និងជៀសវាងពីប្រការទាំងឡាយដែលយើងបានហាមឃាត់ ឱបណ្តាអ្នកដែលមានសតិបញ្ញាល្អត្រឹមត្រូវ។