Khmer Abridged Explanation of the Quran
2:213 - 2:213

មនុស្សលោកធ្លាប់ជាប្រជាជាតិតែមួយ ដោយឯកភាពគ្នាលើការចង្អុលបង្ហាញ និងស្ថិតនៅលើសាសនាឪពុករបស់ពួកគេ គឺព្យាការីអាហ្ទាំ (សាសនាឥស្លាម)។ លុះដល់ពួកគេត្រូវបានស្ហៃតនធ្វើឱ្យពួកគេវង្វេង ពេលនោះពួកគេក៏មានការខ្វែងគំនិតគ្នារវាងអ្នកដែលមានជំនឿនិងអ្នកគ្មានជំនឿ។ ដោយហេតុនេះហើយទើបអល់ឡោះជាម្ចាស់ទ្រង់បានចាត់បញ្ជូននូវអ្នកនាំសារជាច្រើន ដើម្បីធ្វើជាអ្នកផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកមានដែលជំនឿនិងបានគោរពប្រតិបត្តិតាមទ្រង់នូវអ្វីដែលទ្រង់បានត្រៀមទុកសម្រាប់ពួកគេអំពីក្តីមេត្តាករុណារបស់ទ្រង់ និងជាអ្នកដាស់តឿនព្រមានដល់ពួកដែលគ្មានជំនឿនូវអ្វីដែលអល់ឡោះបានត្រៀមទុកសម្រាប់ពួកគេអំពីទណ្ឌកម្មដ៏ខ្លាំងក្លារបស់ទ្រង់។ ហើយទ្រង់បានបញ្ចុះមកជាមួយបណ្តាអ្នកនាំសារទាំងនោះនូវបណ្តាគម្ពីរដែលមានបញ្ជាក់រឿងរ៉ាវពិតដែលគ្មានការមន្ទិលសង្ស័យអ្វីឡើយ ដើម្បីឱ្យពួកគេវិនិច្ឆ័យរវាងមនុស្សលោកចំពោះអ្វីដែលពួកគេបានខ្វែងគំនិតគ្នាចំពោះវា។ ហើយគ្មានអ្នកដែលខ្វែងគំនិតគ្នាចំពោះគម្ពីរដែលអល់ឡោះទ្រង់បានបញ្ចុះវា(ទៅកាន់ពួកគេ) ពោលគឺគម្ពីរតាវរ៉តនោះឡើយ លើកលែងតែអ្នកដែលគេបានផ្តល់ចំណេះដឹងនៃគម្ពីរតាវរ៉តឱ្យពួកគេក្នុងចំណោមពួកយូដាប៉ុណ្ណោះ បន្ទាប់ពីភស្តុតាងជាច្រើនរបស់អល់ឡោះបានមកដល់ពួកគេដែលបញ្ជាក់ថាគម្ពីរនោះគឺមកពីអល់ឡោះយ៉ាងពិតប្រាកដ ដោយមិនឱ្យពួកគេមានការខ្វែងគំនិតគ្នានៅក្នុងវាឡើយ ដោយសារតែការបំពាន(ដែលកើតចេញ)អំពីពួកគេ។ ពិតណាស់ អល់ឡោះជាម្ចាស់នឹងប្រទានការចង្អុលបង្ហាញដល់បណ្តាអ្នកមានជំនឿដើម្បីឱ្យគេយល់ដឹងពីការចង្អុលបង្ហាញនិងភាពវង្វេងដោយការអនុញ្ញាត និងចេតនារបស់ទ្រង់។ ហើយអល់ឡោះជាម្ចាស់ទ្រង់ចង្អុលបង្ហាញជនណាដែលទ្រង់មានចេតនាទៅកាន់មាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរនៅក្នុងវាឡើយ នោះគឺមាគ៌ានៃសេចក្តីជំនឿ។