មនុស្សលោកនឹងសួរអ្នក(ឱព្យាការីមូហាំម៉ាត់)អំពីច្បាប់ស្តីនៃការធ្វើសង្គ្រាមនៅក្នុងបណ្តាខែបម្រាមដែលមានដូចជា ខែហ្ស៊ុលកៀកហ្ទះ ហ្ស៊ុលហិជ្ជះ មូហើរ៉ម និងខែរ៉ហ្ជប់។ ចូរអ្នកឆ្លើយទៅពួកគេវិញចុះថាៈ ការធ្វើសង្គ្រាមនៅក្នុងបណ្តាខែទាំងនេះ គឺជារឿងធំធេងបំផុតចំពោះអល់ឡោះ និងត្រូវបានបដិសេធ។ ក៏ដូចគ្នាដែរ អ្វីដែលពួកមុស្ហរីគីនបានធ្វើដោយបានរារាំងមនុស្សលោកពីមាគ៌ាអល់ឡោះនោះ ក៏ជារឿងអាក្រក់ដែរ។ ហើយការហាមឃាត់បណ្តាអ្នកមានជំនឿពីម៉ាស្ជិតអាល់ហារ៉ម និងការបណ្តេញបណ្តាអ្នកដែលរស់នៅតំបន់ម៉ាស្ជិតអាល់ហារ៉ម(ដោយបង្ខំ)ឱ្យពួកគេចាកចេញពីទីនោះ ទង្វើនេះ គឺជារឿងធំធេងបំផុតចំពោះអល់ឡោះជាងការធ្វើសង្គ្រាមនៅក្នុងបណ្តាខែបម្រាមទៅទៀត។ ហើយការធ្វើស្ហ៊ីរិកដែលពួកគេកំពុងប្រព្រឹត្តនោះ គឺជារឿងធំធេងជាងការកាប់សម្លាប់ទៅទៀត។ ហើយពួកមុស្ហរីគីន ពួកគេនៅតែបន្តបំពានលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ដោយការធ្វើសង្គ្រាមប្រយុទ្ធនឹងពួកអ្នក រហូតដល់ពួកគេអាចបង្វែរពួកអ្នកឲ្យចេញពីសាសនាដ៏ពិតរបស់ពួកអ្នកទៅកាន់សាសនាមិនពិតរបស់ពួកគេ បើសិនជាពួកគេមានលទ្ធភាពធ្វើដូច្នោះ។ ហើយជនណាមួយក្នុងចំណោមពួកអ្នកដែលគេបានចេញពីសាសនារបស់គេ(សាសនាឥស្លាម)វិញ ហើយគេបានស្លាប់ទាំងដែលគេគ្មានជំនឿនឹងអល់ឡោះនោះ ពិតណាស់ អំពើល្អរបស់គេត្រូវបានរលាយសាបសូន្យទាំងអស់ ហើយកន្លែងដែលគេត្រូវវិលត្រលប់ទៅកាន់នៅថ្ងៃបរលោកនោះ គឺការចូលឋាននរកដោយត្រូវស្ថិតនៅក្នុងនោះជាអមតៈ។