Khmer Abridged Explanation of the Quran
2:221 - 2:221

ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿដែលជាបុរស)កុំរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្ត្រីដែលធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះអល់ឡោះឲ្យសោះ លុះត្រាតែពួកនាងមានជំនឿចំពោះអល់ឡោះតែមួយ ហើយពួកនាងបានចូលកាន់សាសនាឥស្លាមសិន។ ហើយពិតប្រាកដណាស់ ទាសី(ទាសករដែលជាស្ត្រី)ដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ គឺប្រសើរជាងស្ត្រីដែលមានសិទ្ធិសេរីភាពដែលគោរពសក្ការៈរូបបដិមាទៅទៀត បើទោះបីជាសម្រស់និងទ្រព្យសម្បត្តិរបស់ពួកនាងធ្វើឲ្យពួកអ្នកចាប់អារម្មណ៍ក៏ដោយ។ ហើយចូរពួកអ្នកកុំរៀបអាពាហ៍ពិពាហ៍ស្ត្រីឥស្លាមឲ្យទៅបុរសដែលធ្វើស្ហ៊ីរិក(ពហុទេពនិយម)ឲ្យសោះ។ ហើយទាសា(ទាសករដែលជាបុរស)ដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ គឺប្រសើរជាងបុរសដែលមានសិទ្ធិសេរីភាពដែលជាអ្នកធ្វើស្ហ៊ីរិកទៅទៀត ទោះបីជាពួកគេធ្វើឲ្យពួកអ្នកចាប់អារម្មណ៍ក៏ដោយ។ ពួកដែលធ្វើស្ហ៊ីរិកទាំងនោះ(ទាំងបុរសទាំងនារី) ពួកគេអំពាវនាវ(អូសទាញពួកអ្នក)ដោយពាក្យសំដី និងទង្វើរបស់ពួកគេទៅរកអ្វីដែលនាំទៅកាន់ការចូលឋាននរក តែអល់ឡោះជាម្ចាស់ទ្រង់អំពាវនាវ(ពួកអ្នក)ទៅកាន់ការសាងទង្វើកុសលដែលនាំទៅកាន់ការចូលឋានសួគ៌ និងទៅកាន់ការអភ័យទោសនូវរាល់កំហុសឆ្គងទាំងឡាយ ដោយការអនុញ្ញាតនិងការប្រោសប្រទានរបស់ទ្រង់។ ហើយទ្រង់បានបកស្រាយនូវបណ្តាវាក្យខណ្ឌទាំងឡាយរបស់ទ្រង់ដល់មនុស្សលោក សង្ឃឹមថាពួកគេនឹងយកជាមេរៀនពីអ្វីដែលទ្រង់បានបង្ហាញដល់ពួកគេ ហើយពួកគេអនុវត្តតាមវា។