ការលែងលះដែលប្តីមានសិទ្ធិអាចវិលត្រលប់ទៅ(រួមរស់)នឹងប្រពន្ធវិញបាននោះ គឺមានចំនួនពីរដង ដោយគេលែងលះហើយវិលត្រលប់ទៅវិញ បន្ទាប់មក គេលែងលះទៀតហើយវិលត្រលប់ទៅវិញ។ បន្ទាប់មក ក្រោយពីការលែងលះចំនួនពីដងរួច ពួកគេទាំងពីរអាចរួមរស់ជាមួយគ្នាដោយល្អប្រពៃ ឬគេអាចលែងលះគ្នាជាលើកទីបី ជាមួយនឹងត្រូវធ្វើល្អចំពោះនាងនិងបំពេញនូវសិទ្ធិរបស់នាង។ ហើយគេមិនអនុញាតឱ្យពួកអ្នក(ឱស្វាមីទាំងឡាយ)យកខាន់ស្លាដែលពួកអ្នកបានប្រគល់ជូនភរិយារបស់ពួកអ្នកវិញនោះទេ លើកលែងតែក្នុងករណីដែលស្ត្រីជាភរិយាមិនពេញចិត្តស្វាមីរបស់ខ្លួន ដោយសារតែ(នាងមិនពេញចិត្ត)ចរិយាសម្បត្តិ ឬរូបសម្បត្តិ(របស់ស្វាមី)ប៉ុណ្ណោះ ហើយដោយសារតែមានករណីមិនពេញចិត្តបែបនេះ ប្តីប្រពន្ធទាំងពីរគិតថា គេទាំងពីរ(បារម្ភខ្លាច)មិនអាចបំពេញនូវសិទ្ធិទាំងឡាយដែលជាកាតព្វកិច្ចលើពួកគេទាំងពីរ(ចំពោះគ្នាទៅវិញទៅមក)។ ដូចនេះ(ក្នុងករណីនេះ) ចូរឲ្យពួកគេទាំងពីរបង្ហាញរឿងរបស់គេទាំងពីរប្រាប់ដល់អ្នកដែលជាប់សាច់ញាតិឬអ្នកដទៃទៀត។ ហើយប្រសិនបើអាណាព្យាបាល(របស់គេទាំងពីរ)បារម្ភខ្លាចគេទាំងពីរមិនអាចបំពេញនូវកាតព្វកិច្ចជាប្តីប្រពន្ធបានទេនោះ គឺគ្មានទោសពៃរ៍អ្វីឡើយទៅលើពួកគេទាំងពីរ ដោយភរិយាអាចដកខ្លួននាងចេញ(ពីចំណងអាពាហ៍ពិពាហ៍) ដោយប្រគល់ខាន់ស្លាទៅឲ្យស្វាមីរបស់នាងវិញ ជាថ្នូរនឹងការ(សុំ)លែងលះរបស់នាង។ បណ្តាច្បាប់បញ្ញត្តិទាំងនេះ គឺជាការញែកដាច់ស្រឡះរវាងប្រការដែលត្រូវបានអនុញ្ញាត(ប្រការហាឡាល់) និងប្រការដែលមិនត្រូវបានអនុញ្ញាត(ប្រការហារ៉ាំ)។ ដូចនេះ ចូរពួកអ្នកកុំបំពានចំពោះវាឱ្យសោះ។ ហើយបុគ្គលណាដែលបានបំពានលើព្រំដែន(ច្បាប់)របស់អល់ឡោះ រវាងប្រការដែលត្រូវបានអនុញ្ញាត និងប្រការដែលមិនត្រូវបានអនុញ្ញាតនោះ ជាការពិតណាស់ ពួកទាំងនោះហើយ គឺជាពួកដែលប្រព្រឹត្តអំពើអយុត្តិធម៌(បំពាន)លើខ្លួនឯង ដោយការបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងភាពអន្តរាយ និងធ្វើឲ្យខ្លួនទទួលនូវការក្រោធខឹងនិងទណ្ឌកម្មពីអល់ឡោះ។