Khmer Abridged Explanation of the Quran
2:233 - 2:233

ហើយមាតាទាំងឡាយគប្បីបំបៅកូនៗរបស់ពួកនាងរយៈពេលពីរឆ្នាំពេញ។ ការកំណត់(ឲ្យបំបៅកូន)រយៈពេលពីរឆ្នាំនេះ គឺសម្រាប់ជនណាដែលមានបំណងចង់បំពេញ(ឲ្យគ្រប់)នូវរយៈពេលនៃការបំបៅកូន។ ហើយចាំបាច់លើឪពុករបស់ទារក ត្រូវផ្គត់ផ្គង់ជីវភាពដល់ស្ត្រីជាម្តាយដែលបំបៅកូនដែលត្រូវបានលែងលះនោះ និងត្រូវផ្តល់សម្លៀកបំពាក់ដល់ពួកនាងទៅតាមលទ្ធភាពរបស់គេដោយសមរម្យដោយមិនខុសពីច្បាប់ឥស្លាម។ អល់ឡោះមិនដាក់បន្ទុកទៅលើនរណាម្នាក់ឲ្យហួសពីលទ្ធភាពនិងសមត្ថភាពរបស់គេនោះឡើយ។ ហើយចំពោះឪពុកឬម្តាយ(របស់ទារក)មិនត្រូវបានអនុញ្ញាតឱ្យយកកូនរបស់ខ្លួនធ្វើជាមធ្យោបាយដើម្បីធ្វើឲ្យប៉ះពាល់ដល់ភាគីម្ខាងទៀតឡើយ។ ហើយចំពោះអ្នកដែលទទួលមរតកពីឪពុកទារក នៅពេលគេបាត់បង់ឪពុកនោះ ក៏ត្រូវទទួលបន្ទុកដូចជាសិទ្ធិឪពុកទារកនោះដែរ។ ហើយប្រសិនបើឪពុកម្តាយចង់ផ្តាច់ដោះកូនមុនគម្រប់រយៈពេលពីរឆ្នាំនោះ ក៏គ្មានទោសពៃរ៍អ្វីឡើយទៅលើគេទាំងពីរក្នុងការធ្វើដូច្នោះក្រោយពីបានពិភាក្សាគ្នានិងយល់ព្រមជាមួយគ្នាដើម្បីរកដំណោះស្រាយជូនទារក។ ហើយប្រសិនបើពួកអ្នកចង់ស្វែងរកអ្នកបំបៅឲ្យកូនៗបស់ពួកអ្នកក្រៅពីម្តាយរបស់គេនោះ ក៏គ្មានទោសពៃរ៍អ្វីឡើយទៅលើពួកអ្នក ប្រសិនបើពួកអ្នកផ្តល់ប្រាក់ឈ្នួលដល់អ្នកដែលបំបៅ(មេដោះ)ឱ្យបានសមរម្យតាមការព្រមព្រៀងគ្នាដោយគ្មានខ្វះឬពន្យារពេលនោះ។ ហើយចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះជាម្ចាស់ ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់។ ហើយចូរពួកអ្នកដឹងថា ជាការពិតណាស់ អល់ឡោះទ្រង់ទតឃើញគ្រប់សកម្មភាពទាំងអស់របស់ពួកអ្នក។ ដូចនេះ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយចំពោះរឿងនោះ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះទង្វើទាំងឡាយដែលពួកអ្នកបានសាងពីមុនមក។