Khmer Abridged Explanation of the Quran
2:235 - 2:235

ហើយគ្មានទោសពៃរ៍អ្វីឡើយទៅលើពួកអ្នកក្នុងការនិយាយបែបបញ្ឆិតបញ្ឆៀង(ដោយបង្ហាញ)ពីបំណងនៃការស្តីដណ្តឹងស្ត្រីដែលស្ថិតនៅក្នុងរយៈពេលនៃការរង់ចាំអ៊ិទហ្ទះដោយសារប្តីស្លាប់ ឬដោយសារការលែងលះគ្នាដាច់ស្រេច ដោយមិននិយាយចំៗចំពោះគោលបំណង(នៃការចង់ស្តីដណ្តឹង) ដូចជាការនិយាយថាៈ “បើពេលណានាងផុតកំណត់រយៈពេលនៃការរង់ចាំ(អ៊ិទហ្ទះ)ហើយនោះ សូមនាងប្រាប់ខ្ញុំផង”ជាដើម។ ហើយក៏គ្មានទោសពៃរ៍អ្វីទៅលើពួកអ្នកដែរចំពោះអ្វីដែលពួកអ្នកបានលាក់ទុកក្នុងចិត្ត(មិនបង្ហាញឲ្យនាងដឹង)អំពីការពេញចិត្តក្នុងការរៀបការជាមួយស្ត្រីដែលស្ថិតនៅក្នុងរយៈពេលនៃការរង់ចាំអ៊ិទហ្ទះ រហូតដល់ផុតកំណត់រយៈពេលអ៊ិទហ្ទះរបស់នាងនោះ។ អល់ឡោះជាម្ចាស់ទ្រង់ដឹងថា ពួកអ្នកនឹងនឹកគិតដល់ពួកនាងដោយសារក្តីស្រឡាញ់ពេញចិត្តយ៉ាងខ្លាំង(របស់ពួកអ្នក)ចំពោះពួកនាង។ ដូច្នេះ ទ្រង់អនុញ្ញាតឲ្យពួកអ្នកចំពោះការនិយាយបែបបញ្ឆិតបញ្ឆៀងដោយមិនត្រូវប្រាប់ចំៗនោះទេ។ ហើយចូរពួកអ្នកប្រុងប្រយ័ត្នពីការសន្យាស្ងាត់ៗទៅលើការរៀបការ(ជាមួយពួកអ្នក) ក្នុងខណៈដែលពួកនាងស្ថិតក្នុងរយៈពេលរង់ចាំនោះ លើកលែងតែសម្តីដែលស្របតាមច្បាប់ ពោលគឺការបង្ហាញឱ្យគេដឹងជាចំហរ។ ហើយចូរពួកអ្នកកុំរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្ត្រីដែលស្ថិតនៅក្នុងរយៈពេលនៃការរង់ចាំអ៊ិទហ្ទះឲ្យសោះ លុះត្រាតែផុតរយៈពេលកំណត់សិន។ ហើយចូរពួកអ្នកដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកលាក់ទុកនៅក្នុងខ្លួនពួកអ្នកអំពីអ្វីដែលគេបានអនុញ្ញាតឱ្យពួកអ្នក និងអ្វីដែលត្រូវបានហាមឃាត់ចំពោះពួកអ្នក។ ដូច្នេះ ចូរពួកអ្នកកោតខ្លាចទ្រង់ ហើយចូរពួកអ្នកកុំធ្វើផ្ទុយពីបទបញ្ជារបស់ទ្រង់ឱ្យសោះ។ ហើយចូរពួកអ្នកដឹងចុះថា ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាទន់ភ្លន់បំផុត ដោយទ្រង់មិនប្រញាប់ប្រញាល់ក្នុងការដាក់ទណ្ឌកម្មឡើយ។