ហើយប្រសិនបើពួកអ្នកលែងលះភរិយារបស់ពួកអ្នកដែលពួកអ្នកបានរៀបការជាមួយពួកនាងមុននឹងពួកអ្នករួមភេទ(លើកដំបូង)ជាមួយពួកនាង តែពួកអ្នកបានកំណត់នូវខាន់ស្លាជូនពួកនាងរួចហើយនោះ គឺចាំបាច់លើពួកអ្នកត្រូវផ្តល់ឲ្យពួកនាងពាក់កណ្តាលនៃខាន់ស្លាដែលបានកំណត់ទុកនោះ លើកលែងតែពួកនាង(ប្រសិនបើពួកនាងជាអ្នកឈ្លាសវៃ)អធ្យាស្រ័យឲ្យពួកអ្នកដោយមិនយកខាន់ស្លា ឬបុរសជាប្តីអធ្យាស្រ័យដោយខ្លួនឯង ដោយ(សុខចិត្ត)លះបង់ឱ្យពួកនាងនូវខាន់ស្លាទាំងស្រុង ដោយផ្តល់ខាន់ស្លា(ដែលបានកំណត់)នោះឲ្យនាងទាំងអស់។ ហើយការអធ្យាស្រ័យរបស់ពួកអ្នកចំពោះគ្នាទៅវិញទៅមក គឺធ្វើឲ្យពួកអ្នកកាន់តែខិតជិតទៅរកការកោតខ្លាចអល់ឡោះនិងការគោរពប្រតិបត្តិចំពោះទ្រង់។ ហើយចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)កុំបោះបង់អំពើសប្បុរសចំពោះគ្នាទៅវិញទៅមក និងការអធ្យាស្រ័យឲ្យគ្នាចំពោះសិទ្ធិផ្សេងៗ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ ដូច្នេះ ចូរពួកអ្នកខិតខំប្រឹងប្រែងក្នុងការធ្វើអំពើល្អដើម្បីទទួលបានផលបុណ្យពីអល់ឡោះ។