Khmer Abridged Explanation of the Quran
2:246 - 2:246

តើអ្នក(ឱព្យាការីមូហាំម៉ាត់)មិនទាន់ទទួលបានដំណឹងនូវរឿងរ៉ាវរបស់ពួកមេដឹកនាំក្នុងចំណោមអម្បូរអ៊ីស្រាអែលក្រោយសម័យកាលរបស់ព្យការីមូសាទេឬ? ខណៈដែលពួកគេបាននិយាយទៅកាន់ព្យាការីរបស់ពួកគេថាៈ ចូរអ្នកតែងតាំងឲ្យពួកយើងនូវមហាក្សត្រមួយអង្គដើម្បីពួកយើងនឹងប្រយុទ្ធតស៊ូក្នុងមាគ៌ារបស់អល់ឡោះជាមួយគេ។ ពេលនោះ ព្យាការីរបស់ពួកគេបានតបទៅកាន់ពួកគេវិញថាៈ តើពួកអ្នកបានគិតទេថា ប្រសិនបើអល់ឡោះដាក់កាតព្វកិច្ចសង្គ្រាមលើពួកអ្នក រួចមកពួកអ្នកបែរជាមិនធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះទេនោះ? ពួកគេបានឆ្លើយបដិសេធចំពោះការគិតរបស់ព្យាការីមកលើពួកគេវិញថាៈ តើមានអ្វីដែលរារាំងពួកយើងមិនឲ្យធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះនោះ ខណៈដែលការសម្រេចដូចនេះ(ដាក់កាតព្វកិច្ចធ្វើសង្គ្រាម)គឺជាសំណើរពីពួកយើងនោះ? ជាការពិតណាស់ សត្រូវបានបណ្តេញពួកយើងឱ្យចាកចេញពីមាតុប្រទេសរបស់ពួកយើង ហើយកូនៗរបស់ពួកយើងត្រូវបានពួកគេចាប់ធ្វើជាចំណាប់ខ្មាំង។ ដូចនេះ ពួកយើងនឹងប្រយុទ្ធ(ជាមួយពួកគេ)ដើម្បីរំដោះយកមាតុភូមិរបស់ពួកយើង និងរំដោះកូនចៅរបស់ពួកយើងពីចំណាប់ខ្មាំងមកវិញ។ តែនៅពេលដែលអល់ឡោះបានដាក់កាតព្វកិច្ចលើពួកគេឱ្យធ្វើសង្គ្រាម ពួកគេបែរជាងាកចេញដោយមិនបានបំពេញតាមអ្វីដែលពួកគេបានសន្យាទៅវិញ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះក្នុងចំណោមពួកគេ(ដែលគោរពសន្យា)។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះពួកដែលបំពានដែលគេចវេសពីបទបញ្ជារបស់ទ្រង់ និងក្បត់កិច្ចសន្យារបស់ទ្រង់នោះ ហើយទ្រង់នឹងតបស្នងដល់ពួកគេវិញចំពោះអ្វីដែលពួកគេបានសាង។