Khmer Abridged Explanation of the Quran
2:249 - 2:249

ហើយនៅពេលដែលតលូតបានដឹកនាំទាហានចាកចេញពីមាតុភូមិ(របស់ពួកគេ) គាត់បាននិយាយទៅកាន់ពួកគេថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានយកទន្លេមួយមកសាកល្បងពួកអ្នក។ ដូចនេះ ជនណាហើយដែលបានផឹកទឹកទន្លេនោះ គឺគេមិនមែនស្ថិតនៅលើមាគ៌ារបស់ខ្ញុំទេ ហើយគេក៏មិនត្រូវរួមដំណើរជាមួយខ្ញុំទៅសមរភូមិដែរ។ តែជនណាដែលមិនបានផឹកទឹកទន្លេនោះ គឺគេស្ថិតនៅលើមាគ៌ារបស់ខ្ញុំ ហើយគេអាចបន្តដំណើរជាមួយខ្ញុំទៅកាន់សមរភូមិបាន លើកលែងតែអ្នកដែលត្រូវបង្ខំចិត្ត ហើយគេបានផឹកទឹកមួយកំបង់ដៃ គឺគ្មានបញ្ហាអ្វីឡើយចំពោះពួកគេ។ ពេលនោះ ពលទាហានទាំងអស់បានផឹកទឹក(ទន្លេ)នោះ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះក្នុងចំណោមពួកគេដែលបានអត់ធ្មត់ដោយពួកគេមិនបានផឹកនោះទេ ទោះបីជាពួកគេស្រេកទឹកខ្លាំងយ៉ាងណាក៏ដោយ។ ហើយនៅពេលដែលតលូតនិងអ្នករួមដំណើរជាមួយគេដែលជាអ្នកមានជំនឿបានឆ្លងផុតទន្លេនោះ មានទាហានមួយចំនួនបាននិយាយថាៈ ថ្ងៃនេះពួកយើងគ្មានលទ្ធភាពប្រយុទ្ធជាមួយនឹងជើលូតនិងទាហានរបស់គេទេ។ នៅពេលនោះ បណ្តាអ្នកដែលជឿជាក់ក្នុងចិត្តថាពួកគេនឹងបានជួបអល់ឡោះនៅថ្ងៃបរលោកនោះ ពួកគេបាននិយាយថាៈ តើមានប៉ុន្មានដងហើយដែលក្រុមអ្នកមានជំនឿដែលមានចំនួនតិចបានយកឈ្នះក្រុមពួកគ្មានជំនឿដែលមានចំនួនច្រើនដោយមានការអនុញ្ញាតនិងជំនួយពីអល់ឡោះជាម្ចាស់នោះ? ជាការពិតណាស់ បទពិសោធន៍នៃការទទួលជោគជ័យ(កន្លងមក) គឺតាមរយៈសេចក្តីជំនឿ ពុំមែនដោយសារមានចំនួន(ទ័ព)ច្រើននោះទេ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ស្ថិតនៅជាមួយបណ្តាខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកអត់ធ្មត់ ដោយការគាំទ្រ និងជួយពួកគេ។