Khmer Abridged Explanation of the Quran
2:255 - 2:255

អល់ឡោះគឺជាម្ចាស់តែមួយគត់ ដែលគ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ ទ្រង់មានជីវិតអមតៈ មិនស្លាប់នោះទេ ហើយក៏មិនមានភាពខ្វះខាតដែរ។ ទ្រង់ជាអ្នកគ្រប់គ្រង ដែលជាអ្នកគ្រប់គ្រងដោយខ្លួនទ្រង់ផ្ទាល់ ដោយមិនត្រូវការជំនួយពីម៉ាខ្លូក(អ្វីទាំងអស់ដែលទ្រង់បានបង្កើត)ទាំងឡាយរបស់ទ្រង់ឡើយ។ តាមរយៈលក្ខណៈសម្បត្តិនេះហើយ ទើបម៉ាខ្លូកទាំងអស់ត្រូវការជំនួយជានិច្ចអំពីទ្រង់នៅគ្រប់ស្ថានភាពទាំងអស់របស់គេ។ ទ្រង់មិនងងុយគេង ហើយក៏មិនគេងដែរ ដោយសារភាពពេញលេញនៃជីវិតរបស់ទ្រង់ និងការគ្រប់គ្រងរបស់ទ្រង់។ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ គ្មានបុគ្គលណាម្នាក់ហ៊ានធ្វើអន្ដរាគមន៍នៅចំពោះមុខទ្រង់ឡើយ លើកលែងតែដោយមានការអនុញ្ញាត និងការយល់ព្រមពីទ្រង់ប៉ុណ្ណោះ។ ទ្រង់ដឹងនូវអ្វីដែលបានកន្លងផុត និងអ្វីដែលនឹងកើតឡើងនៃកិច្ចការម៉ាខ្លូករបស់ទ្រង់។ ហើយពួកគេមិនដឹងអ្វីមួយក្នុងចំណោមការដឹងរបស់ទ្រង់ឡើយ លើកលែងតែអ្វីដែលទ្រង់មានចេតនាឲ្យគេដឹងប៉ុណ្ណោះ។ ហើយគួរស៊ីយ៍របស់ទ្រង់(កន្លែងដាក់ជើងរបស់អល់ឡោះជាម្ចាស់)ទូលំទូលាយគ្រប់ដណ្តប់លើមេឃជាច្រើនជាន់ និងផែនដី ទោះបីជាវាទាំងពីរ(មេឃា និងផែនដី)មានភាពធំធេង និងទូលំទូលាយក៏ដោយ។ ហើយការថែរក្សាវាទាំងពីរ(មេឃនិងផែនដី)នេះមិនមានភាពធ្ងន់ធ្ងរចំពោះទ្រង់ ឬធ្វើឱ្យទ្រង់លំបាកឡើយ។ ហើយទ្រង់មហាខ្ពង់ខ្ពស់ ដោយខ្លួនទ្រង់ផ្ទាល់ ដោយសមត្ថភាព និងអំណាចដ៏ខ្លាំងក្លារបស់ទ្រង់ ទ្រង់មហាឧត្តុង្គឧត្តម ក្នុងការគ្រប់គ្រងនិងអំណាចរបស់ទ្រង់។