Khmer Abridged Explanation of the Quran
2:258 - 2:258

តើអ្នកមិនបានឃើញទេឬ(ឱព្យាការីមូហាំម៉ាត់) អំពីជនផ្តាច់ការដ៏ក្អេងក្អាងម្នាក់ដែលបានដេញដោលសួរព្យាការីអ៊ីព្រហ៊ីម(អាប្រាហាំ)អំពីភាពជាម្ចាស់នៃការបង្កើត និងភាពជាម្ចាស់តែមួយបស់ទ្រង់ទេឬ? គេមានភាពក្អេងក្អាងដូចនេះ ដោយសារតែអល់ឡោះបានប្រទានឲ្យគេនូវអំណាចជាសេ្ដចផែនដី។ ហេតុនេះ គេក៏បានក្លាយជាអ្នកដែលបំពាន។ ពេលនោះ ព្យាការីអ៊ីព្រហ៊ីមបានបញ្ជាក់ប្រាប់ដល់គេពីលក្ខណៈសម្បត្តិនៃម្ចាស់របស់គាត់ ដោយគាត់បានពោលថា: ម្ចាស់របស់ខ្ញុំ គឺជាអ្នកដែលប្រទានជីវិតដល់បណ្តាម៉ាខ្លូកទាំងឡាយ និងជាអ្នកដកហូតយកជីវិតរបស់ពួកគេវិញ។ ជនផ្តាច់ការនោះបានតបដោយភាពក្រអឺតក្រទមថា: យើងក៏ជាអ្នកប្រទានជីវិត និងដកហូតយកជីវិតដែរ ដោយយើងអាចសម្លាប់អ្នកណាដែលយើងចង់ ហើយទុកជីវិតឲ្យចំពោះអ្នកណាដែលយើងចង់។ ពេលនោះ ព្យាការីអ៊ីព្រហ៊ីមក៏បាននាំមកនូវភស្តុតាងដ៏ធំធេងផ្សេងមួយទៀត។ គាត់បានតបទៅកាន់គេវិញថា: ពិតប្រាកដណាស់ ម្ចាស់ដែលខ្ញុំគោរពសក្ការៈទៅចំពោះទ្រង់នោះ គឺជាអ្នកដែលធ្វើឱ្យព្រះអាទិត្យរះចេញពីទិសខាងកើត។ ដូចនេះ ចូរអ្នកឱ្យព្រះអាទិត្យនេះរះចេញពីទិសខាងលិចមកវិញមើល៍។ ពេលនោះ ជនផ្តាច់ការនោះ គ្មានអ្វីក្រៅពីការអសមត្ថភាព និងទាល់តម្រិះនោះទេ ហើយគាត់(អ៊ីព្រហ៊ីម)ក៏បានទទួលបានជោគជ័យតាមរយៈអំណះអំណាងដ៏រឹងមាំនេះ។ ហើយអល់ឡោះមិនប្រទានជោគជ័យចំពោះពួកដែលបំពានឡើយ ដោយសារតែការបំពាននិងភាពក្រអឺតក្រទមរបស់ពួកគេ។