ឬមួយដូចអ្នកដែលបានឆ្លងកាត់ភូមិមួយដែលដំបូលផ្ទះរបស់ពួកគេបានជ្រុះអស់ ហើយជញ្ជាំងរបស់ពួកគេត្រូវបានបំផ្លាញខ្ទេចខ្ទី ព្រមទាំងមនុស្សនៅទីនោះត្រូវវិនាសហិនហោចអស់ទៅហើយ ហើយភូមិនោះបានក្លាយទៅជាវាលរហោស្ថាន ស្ងាត់ជ្រងំ។ បុរសដែលបានឆ្លងកាត់នោះបាននិយាយដោយភាពភ្ញាក់ផ្អើលថាៈ តើអល់ឡោះនឹងពង្រស់អ្នកភូមិនេះឲ្យស់ឡើងវិញយ៉ាងដូចមេ្ដចទៅ ក្រោយពីពួកគេស្លាប់ហើយនោះ? ពេលនោះ អល់ឡោះបានធ្វើឱ្យគាត់ស្លាប់រយៈពេលមួយរយឆ្នាំ។ ក្រោយមក អល់ឡោះបានប្រោសគាត់ឲ្យរស់ឡើងវិញ រួចទ្រង់សួរគេថាៈ តើអ្នកស្នាក់នៅទីនេះរយៈពេលប៉ុន្មានហើយ? គាត់ឆ្លើយថាៈ ខ្ញុំនៅទីនេះរយៈពេលមួយថ្ងៃ ឬតិចជាងមួយថ្ងៃ។ អល់ឡោះបានមានបន្ទូលតបវិញថាៈ ផ្ទុយទៅវិញ អ្នកនៅទីនេះរយៈពេលមួយរយឆ្នាំហើយ។ ចូរអ្នកមើលទៅកាន់ម្ហូបអាហារនិងភេសជ្ជៈរបស់អ្នកដែលនៅជាមួយអ្នកចុះ តើវាស្ថិតក្នុងទ្រង់ទ្រាយដើមដោយមិនប្រែប្រួលឬយ៉ាងណា ខណៈដែលចំណីអាហារ និងភេសជ្ជៈនោះងាយនឹងទទួលរងការប្រែប្រួលលឿនបំផុតនោះ? ហើយចូរអ្នកមើលទៅកាន់សត្វលារបស់អ្នកដែលបានស្លាប់។ (យើងធ្វើដូច្នេះ)គឺដើម្បីយើងយកអ្នកធ្វើជាភស្ដុតាងដ៏ច្បាស់លាស់សម្រាប់មនុស្សលោកដើម្បីបញ្ជាក់ពីសមត្ថភាពរបស់អល់ឡោះក្នុងការពង្រស់ពួកគេឲ្យរស់ឡើងវិញ។ ហើយចូរអ្នកមើលទៅឆ្អឹងសត្វលារបស់អ្នកដែលវាបានបែកបាក់រប៉ាត់រប៉ាយ និងឃ្លាតឆ្ងាយពីគ្នានោះ តើយើងផ្គុំវាឡើងវិញយ៉ាងដូចមេ្ដច។ បន្ទាប់ពីនោះមក យើងបានស្រោបវាដោយសាច់វិញ ហើយយើងបានត្រឡប់ជីវិតមកឲ្យវាវិញនោះ? នៅពេលដែលគាត់បានឃើញបែបនេះ សេចក្តីពិតក៏បានបញ្ជាក់យ៉ាងច្បាស់ចំពោះគាត់ ហើយគាត់បានដឹងពីសមត្ថភាពរបស់អល់ឡោះនោះ គាត់ក៏បានទទួលស្គាល់អំពីរឿងនោះ ដោយបាននិយាយថាៈ (ពេលនេះ)ខ្ញុំដឹងហើយថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអី្វៗទាំងអស់។