ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! នៅពេលដែលពួកអ្នកខ្ចីបុលគ្នាទៅវិញទៅមករហូតដល់ពេលកំណត់ណាមួយនោះ ចូរពួកអ្នកកត់ត្រាបំណុលនោះចុះ។ ហើយចូរឱ្យអ្នកកត់ត្រា កត់ត្រាដោយយុត្ដិធម៌រវាងពួកអ្នក និងឲ្យស្របទៅតាមច្បាប់ឥស្លាម។ ហើយអ្នកកត់ត្រាមិនត្រូវបដិសេធក្នុងការកត់ត្រាបំណុលទៅតាមអ្វីដែលស្របទៅនឹងចំណេះដឹងនៃការកត់ត្រាដោយយុត្តិធម៌ដែលអល់ឡោះបានបង្រៀនដល់គេឡើយ។ ដូចេ្នះ ចូរឱ្យគេកត់ត្រា ហើយចូរឲ្យអ្នកខ្ចីបញ្ជាក់ប្រាប់ពីបំណុលដែលបានខ្ចី រហូតដល់ភាគីអ្នកខ្ចីនោះបានឯកភាពទៅលើអ្វីដែល(អ្នកកត់ត្រា)បានកត់ត្រានោះ។ ហើយចូរឱ្យគេ(អ្នកខ្ចី)កោតខ្លាចអល់ឡោះជាម្ចាស់របស់គេ ហើយគេមិនត្រូវគៃបំបាត់អ្វីមួយពីបំណុលឡើយ មិនថាចំពោះបរិមាណ ឬប្រភេទរបស់វានោះទេ។ ហើយប្រសិនបើអ្នកខ្ចីនោះជាមនុស្សដែលមិនចេះចាត់ចែងទ្រព្យសម្បត្តិបានល្អ ឬជាមនុស្សទន់ខ្សោយដោយសារតែនៅក្មេងពេក ឬជាមនុស្សវិកលចរិត ឬអសមត្ថភាពក្នុងការបញ្ជាក់ប្រាប់ជាដើមនោះ ចូរឱ្យអាណាព្យាបាលរបស់គេដែលជាអ្នកទទួលខុសត្រូវចំពោះគេនោះ បញ្ជាក់ប្រាប់ដោយយុត្ដិធម៌(ដល់អ្នកកត់ត្រា)។ ហើយចូរពួកអ្នកស្វែងរកសាក្សីពីរនាក់ដែលជាបុរសក្នុងចំណោមពួកអ្នកដែលមានបញ្ញាវាងវៃ និងមានភាពយុត្តិធម៌។ តែបើគ្មានបុរសពីរនាក់ទេនោះ គឺត្រូវយកបុរសម្នាក់ និងស្ដ្រីពីរនាក់ដែលពួកអ្នកទទួលស្គាល់ចំពោះសាសនារបស់ពួកគេ និងភាពទៀងត្រង់របស់ពួកគេធ្វើជាសាក្សីក៏បាន។ ការជ្រើសយកស្ដ្រីពីរនាក់(ធ្វើជាសាក្សី)បែបនេះ (គឺដើម្បីជាការបង្ការ)ប្រសិនបើម្នាក់ក្នុងចំណោមគេទាំងពីរភេ្លច គឺម្នាក់ទៀតរំលឹក។ ហើយសាក្សីទាំងឡាយមិនត្រូវបដិសេធនៅពេលគេសំណូមពរពួកគេឱ្យធ្វើជាសាក្សីលើការខ្ចីបុលឡើយ។ ហើយចាំបាច់លើសាក្សីទាំងនោះ ត្រូវយល់ព្រម(ធ្វើជាសាក្សី)នៅពេលណាដែលមានគេស្នើសុំ។ ហើយចូរពួកអ្នកកុំធុញទ្រាន់ក្នុងការកត់ត្រាបំណុលដែលមានកំណត់ពេលជាក់លាក់ ទោះតិចឬច្រើនក៏ដោយ។ ពិតណាស់ ការកត់ត្រាបំណុលបែបនេះ គឺយុត្ដិធម៌បំផុតនៅក្នុងច្បាប់របស់អល់ឡោះ និងជាជំនួយដ៏សំខាន់ក្នុងការធ្វើសាក្សី ហើយជាកត្ដាដែលនាំឱ្យពួកអ្នកចៀសផុតពីការមន្ទិលសង្ស័យចំពោះប្រភេទនៃបំណុល បរិមាណបំណុល និងរយៈពេលនៃបំណុលនោះ លើកលែងតែពួកអ្នកលក់របស់របរឲ្យគ្នាទៅវិញទៅមក ដោយការប្រគល់របស់ និងប្រគល់ប្រាក់ភ្លាមៗ គឺគ្មានទោសពៃរ៍អ្វីទៅលើពួកអ្នកឡើយ ដោយសារវាគ្មានការចាំបាច់ត្រូវកត់ត្រាវានោះទេ តែច្បាប់បានកំណត់ឲ្យពួកអ្នកត្រូវមានសាក្សីដើម្បីការពារកុំឲ្យមានការឈ្លោះប្រកែកគ្នា។ ហើយគេមិនអនុញ្ញាតឲ្យ(អ្នកខ្ចីនិងអ្នកឲ្យគេខ្ចី)បង្កផលលំបាកដល់អ្នកកត់ត្រា និងសាក្សីឡើយ។ ហើយគេក៏មិនអនុញ្ញាតឲ្យពួកគេ(អ្នកកត់ត្រានិងសាក្សី)បង្កការលំបាកដល់អ្នកដែលស្នើសុំឲ្យពួកគេកត់ត្រានិងធ្វើសាក្សីនោះដែរ។ ប្រសិនបើក្នុងចំណោមពួកអ្នកមានអ្នកដែលបង្ករការលំបាកនោះ ពិតប្រាកដណាស់ គឺរូបគេបានចាកចេញពីការគោរពប្រតិបត្តិអល់ឡោះទៅកាន់ការប្រព្រឹត្តល្មើសហើយ។ ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)កោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជាទាំងឡាយណាដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់។ ហើយអល់ឡោះទ្រង់បង្រៀនពួកអ្នកនូវអ្វីដែលនាំឲ្យទទួលបាននូវភាពល្អប្រសើរនៅក្នុងលោកិយនិងនៅថ្ងៃបរលោករបស់ពួកអ្នក។ ហើយអល់ឡោះមហាដឹងនូវរាល់អ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចលាក់បាំងអំពីទ្រង់បានឡើយ។