Khmer Abridged Explanation of the Quran
2:286 - 2:286

អល់ឡោះជាម្ចាស់ទ្រង់មិនដាក់បន្ទុកលើនរណាម្នាក់ហួសពីលទ្ធភាពរបស់គេដែលអាចធ្វើបាននោះឡើយ ដោយសារតែសាសនារបស់អល់ឡោះ គឺស្ថាបនាឡើងទៅលើភាពងាយស្រួល គ្មានទេការលំបាកនៅក្នុងវា។ ដូចនេះ ជនណាដែលបានសាងអំពើល្អ គឺទទួលបានផលបុណ្យនៃទង្វើនោះ ដោយមិនត្រូវបានគេកាត់បន្ថយអ្វីមួយពីវាឡើយ ហើយជនណាដែលបានសាងអំពើអាក្រក់ គឺនឹងទទួលបានផលអាក្រក់នៃបាបកម្មដែលរូបគេបានសាង ដោយគ្មាននរណាម្នាក់ទទួល(បាបកម្ម)ជំនួសគេនោះឡើយ។ ហើយអ្នកនាំសារ និងបណ្ដាអ្នកដែលមានជំនឿបានបួងសួងថា: ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់ទោសពួកយើងអ្វីប្រសិនបើពួកយើងបានភេ្លចភ្លាំង ឬបានប្រព្រឹត្តខុសឆ្គងក្នុងពាក្យសម្តីឬកាយវិការដោយអចេតនានោះ។ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់កាតព្វកិច្ចធ្ងន់ធ្ងរពេកមកលើពួកយើងនូវអ្វីដែលពួកយើងមិនអាចធ្វើបាន ដូចដែលទ្រង់បានដាក់ទៅលើពួកអ្នកជំនាន់មុនពួកយើងក្នុងចំណោមអ្នកដែលទ្រង់បានដាក់ទណ្ឌកម្មទៅលើពួកគេដោយសារការបំពានរបស់ពួកគេ ដូចជាយូដាជាដើម។ សូមទ្រង់មេត្ដាកុំដាក់បន្ទុកលើពួកយើងនូវបទបញ្ជា និងការហាមឃាត់ទាំងឡាយណាដែលពួកយើងគ្មានលទ្ធភាពនឹងធ្វើវាអ្វី ហើយសូមទ្រង់មេត្ដាអធ្យាស្រ័យចំពោះបាបកម្មរបស់ពួកយើង និងអភ័យទោសដល់ពួកយើង ព្រមទាំងអាណិតស្រឡាញ់ដល់ពួកយើងដោយការប្រោសប្រទានរបស់ទ្រង់ផងចុះ។ ទ្រង់គឺជាអាណាព្យាបាលរបស់ពួកយើង និងជាអ្នកគាំពារពួកយើង។ ដូចនេះ សូមទ្រង់មេត្ដាជួយពួកយើងឱ្យមានជ័យជម្នះលើក្រុមដែលប្រឆាំងផងចុះ។