ទ្រង់គឺជាអ្នកដែលបានបញ្ចុះគម្ពីរគួរអានទៅកាន់អ្នក(ឱព្យាការីមូហាំម៉ាត់)ដែលក្នុងនោះ មានវាក្យខណ្ឌមួយចំនួនមានភាពច្បាស់លាស់ដោយគ្មានការសង្ស័យនៅក្នុងវាឡើយ វានោះគឺជាមូលដ្ឋានគ្រឹះនៃគម្ពីរ ហើយវាក្យខណ្ឌភាគច្រើននៃគម្ពីរគួរអាន គឺជាវាក្យខណ្ឌដែលច្បាស់លាស់(បែបនេះ) ដែលជាវាក្យខណ្ឌយោង(ឯកសារយោង)នៅពេលដែលមានការខ្វែងយោបល់គ្នា។ ហើយមានវាក្យខណ្ឌខ្លះទៀត គឺជាវាក្យខណ្ឌដែលមានអត្ថន័យច្រើន ដែលធ្វើឲ្យមនុស្សជាច្រើនមានការភ័ន្តច្រឡំអំពីអត្ថន័យរបស់វា។ រីឯអ្នកដែលនៅក្នុងចិត្ដរបស់ពួកគេមានភាពលម្អៀងចេញពីការពិតនោះ គឺពួកគេបោះបង់ចោលវាក្យខណ្ឌដែលមានភាពច្បាស់លាស់ទាំងនោះ ហើយប្រកាន់យកនូវវាក្យខណ្ឌដែលមានភាពមិនច្បាស់លាស់ទៅវិញ។ ពួកគេធ្វើដូច្នោះ ក្នុងគោលបំណងបំផុសនូវភាពមន្ទិលសង្ស័យនិងធ្វើឲ្យមនុស្សលោកវង្វេង និងដើម្បីឲ្យពួកគេអាចបកស្រាយវាក្យខណ្ឌទាំងនោះទៅតាមទំនើងចិត្តរបស់ពួកគេដែលស្របទៅនឹងមាគ៌ាដែលមិនត្រឹមត្រូវរបស់ពូកគេនោះ។ ហើយគ្មាននរណាដែលដឹងពីអត្ថន័យពិតរបស់បណ្តាវាក្យខណ្ឌដែលមិនច្បាស់លាស់ទាំងនេះ និងលទ្ធផលចុងក្រោយនៃការបកស្រាយអត្ថន័យវាក្យខណ្ឌទាំងនេះ ក្រៅពីអល់ឡោះឡើយ។ ហើយបណ្ដាអ្នកដែលស៊ីជម្រៅនៅក្នុងចំណេះដឹងសាសនា ពួកគេនិយាយថាៈ ពួកយើងមានជំនឿចំពោះគម្ពីរគួរអានទាំងមូល ពីព្រោះ(វាក្យខណ្ឌដែលមានក្នុង)គម្ពីរនេះ គឺសុទ្ធតែមកពីម្ចាស់របស់ពួកយើង ហើយពួកគេ(អ្នកដែលមានចំណេះដឹងជ្រៅជ្រះខាងសាសនា)បកស្រាយវាក្យខណ្ឌដែលមានភាពមិនច្បាស់លាស់ទៅតាមអ្វីដែលគេបានវិនិច្ឆ័យរួច។ ហើយការក្រើនរំលឹក និងការទូន្មាន គឺគ្មានប្រយោជន៍ឡើយ លើកលែងតែបណ្តាអ្នកដែលមានប្រាជ្ញាស្មារតីល្អត្រឹមត្រូវប៉ុណ្ណោះ។