ហើយក៏ដូចគ្នាដែរ ទ្រង់នឹងតែងតាំងរូបគេ(អ៊ីសា)ធ្វើជាអ្នកនាំសារម្នាក់ទៅកាន់អម្បូរអ៊ីស្រាអែល ដោយគេនឹងនិយាយទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់របស់អល់ឡោះមកកាន់ពួកអ្នក។ ពិតប្រាកដណាស់ ខ្ញុំបាននាំមកឱ្យពួកអ្នកនូវនិមិត្តសញ្ញាមួយដែលបញ្ជាក់ទៅលើសច្ចភាពនៃភាពជាព្យាការីរបស់ខ្ញុំ នោះគឺៈ ពិតប្រាកដណាស់ ខ្ញុំនឹងសូនរូបបក្សីអំពីដីឥដ្ឋឲ្យពួកអ្នក ហើយខ្ញុំក៏ផ្លុំចូលទៅក្នុងវា។ ពេលនោះ វាក៏ក្លាយជាសត្វបក្សីមួយដែលមានជីវិត ដោយការអនុញ្ញាតរបស់អល់ឡោះ។ ហើយខ្ញុំអាចព្យាបាលជនពិការភ្នែកពីកំណើតឲ្យមើលឃើញបាន និងព្យាបាលអ្នកកើតឃ្លង់ឲ្យស្បែករបស់គេត្រឡប់ទៅសភាពស្អាតដូចដើមវិញ ហើយខ្ញុំក៏អាចប្រោសអ្នកស្លាប់ឱ្យរស់ឡើងវិញបានដែរ ដែលប្រការទាំងអស់នោះ គឺ(អាចកើតឡើងបាន)ដោយមានការអនុញ្ញាតពីអល់ឡោះជាម្ចាស់។ ហើយខ្ញុំអាចប្រាប់ពួកអ្នកនូវចំណីអាហារដែលពួកអ្នកនឹងបរិភោគ ហើយនិងចំណីអាហារដែលពួកអ្នកត្រូវស្ដុកទុកនៅក្នុងផ្ទះរបស់ពួកអ្នក។ ពិតប្រាកដណាស់ រឿងរ៉ាវដ៏អស្ចារ្យដែលខ្ញុំបានលើកឡើងដល់ពួកអ្នកដែលមនុស្សគ្មានសមត្ថភាពនឹងអាចធ្វើបានទាំងនោះ គឺជាភស្ដុតាងមួយដ៏ច្បាស់លាស់ដែលបញ្ជាក់ថា ពិតប្រាកដណាស់ រូបខ្ញុំ គឺជាអ្នកនាំសារមួយរូបរបស់អល់ឡោះមកកាន់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ និងជាអ្នកដែលជឿជាក់លើភស្តុតាងទាំងឡាយមែននោះ។