ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលអល់ឡោះបានយកកិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ពីបណ្ដាព្យាការីទាំងឡាយ ដោយទ្រង់មានបន្ទូលទៅកាន់ពួកគេថាៈ ទោះបីជាយើងបានប្រទានដល់ពួកអ្នកនូវគម្ពីរដែលយើងបានបញ្ចុះវាទៅឲ្យពួកអ្នក ហើយនិងភាពឈ្លាសវៃដែលយើងបានបង្រៀនដល់ពួកអ្នក ហើយម្នាក់ៗក្នុងចំណោមពួកអ្នកបានឈានទៅដល់ឋានៈដ៏ខ្ពង់ខ្ពស់ បន្ទាប់មក អ្នកនាំសារមួយរូបអំពីយើង(គឺព្យាការីមូហាំម៉ាត់)បានមកដល់ពួកអ្នកដើម្បីបញ្ជាក់ទៅលើគម្ពីរ និងភាពឈ្លាសវៃដែលមាននៅជាមួយពួកអ្នកក៏ដោយ ក៏ពួកអ្នកត្រូវតែជឿនូវអ្វីដែលគេបាននាំមក ហើយនិងជួយគាំទ្រនិងដើរតាមគេដែរ។ ដូចនេះ តើពួកអ្នក(ឱបណ្តាព្យាការីទាំងឡាយ)ទទួលស្គាល់ដូចនេះ និងព្រមទទួលយកនូវកិច្ចសន្យាដ៏ម៉ឺងម៉ាត់របស់យើងដែរឬទេ? ពួកគេ(បណ្តាព្យាការី)បានឆ្លើយថាៈ ពួកយើងព្រមទទួលស្គាល់ហើយ។ ទ្រង់បានមានបន្ទូលថាៈ ចូរពួកអ្នកធ្វើសាក្សីលើខ្លួនឯង និងទៅលើប្រជាជាតិរបស់ពួកអ្នកចុះ យើងក៏ជាអ្នកធ្វើសាក្សីទៅលើពួកអ្នក និងប្រជាជាតិរបស់ពួកអ្នកជាមួយនឹងពួកអ្នកដែរ។