ចំណីអាហារទាំងអស់ដែលល្អស្អាត គឺត្រូវបានអនុញ្ញាតចំពោះអម្បូរអ៊ីស្រាអែល(ទទួលទាន) ហើយគេមិនបានហាមឃាត់ពួកគេអំពីចំណីអាហារទាំងនោះឡើយ លើកលែងតែអ្វីដែលព្យាការីយ៉ាក់កូបបានហាមឃាត់ទៅលើខ្លួនគាត់ផ្ទាល់មុននឹងគេបានបញ្ចុះគម្ពីរតាវរ៉តប៉ុណ្ណោះ មិនមែនដូចអ្វីដែលពួកយូដាបានអះអាងនោះទេ ដែលថា តាមពិតការហាមឃាត់ទាំងនោះ គឺមាននៅក្នុងគម្ពីរតាវរ៉តនោះ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ចូរអ្នកយកគម្ពីរតាវរ៉តមក ហើយចូរពួកអ្នកអានវាមើល៍ ប្រសិនបើពួកអ្នកស្ថិតក្នុងចំណោមអ្នកដែលស្មោះត្រង់ចំពោះអ្វីដែលពួកអ្នកបានអះអាងមែននោះ។ ពេលនោះ ពួកគេក៏ទាល់ច្រក ហើយពួកគេមិនបាននាំមកយកគម្ពីរនោះមកឡើយ។ នេះហើយគឺជាឧទាហរណ៍ដែលបង្ហាញទៅលើការប្រឌិតរបស់ពួកគេទៅលើគម្ពីរតាវរ៉ត និងកែប្រែខ្លឹមសាររបស់វានោះ។