ទណ្ឌកម្មដ៏ធ្ងន់ធ្ងរនេះនឹងកើតឡើងចំពោះពួកគេនៅថ្ងៃបរលោក ខណៈដែលក្រុមអ្នកដែលមានជំនឿ មុខរបស់ពួកគេមានពណ៌សភ្លឺប្រកបដោយភាពសប្បាយរីករាយនិងមានសុភមង្គល ហើយមុខរបស់ពួកគ្មានជំនឿវិញ មានពណ៌ខ្មៅដោយសារតែការទុក្ខព្រួយ និងក្តីទុក្ខសោក។ រីឯពួកដែលមុខរបស់ពួកគេខ្មៅងងឹតនាថ្ងៃបរលោកនោះ មានគេសួរទៅកាន់ពួកគេក្នុងលក្ខណៈស្ដីបន្ទោសថាៈ តើពួកអ្នកប្រឆាំងចំពោះភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ(ឯកទេពនិយម) និងប្រឆាំងនឹងកិច្ចសន្យារបស់ទ្រង់ដែលបានដាក់លើពួកអ្នកដែល(ហាម)មិនឲ្យពួកអ្នកធ្វើស្ហ៊ីរិក(ពហុទេពនិយម)អ្វីមួយជាមួយទ្រង់ក្រោយពីពួកអ្នកបានជឿជាក់ និងបានទទួលស្គាល់ទៀតនោះឬ? ដូច្នេះ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មរបស់អល់ឡោះដែលទ្រង់បានត្រៀមសម្រាប់ពួកអ្នកដោយសារតែការប្រឆាំងរបស់ពួកអ្នកនេះ។