Khmer Abridged Explanation of the Quran
3:119 - 3:119

ពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ) គឺបែបនេះហើយ។ ពួកអ្នកស្រឡាញ់ក្រុមទាំងនោះ ហើយពួកអ្នករំពឹងថាពួកគេនឹងបានល្អ តែពួកគេវិញមិនបានស្រឡាញ់ពួកអ្នកឡើយ ហើយក៏មិនរំពឹងចង់ឲ្យពួកអ្នកបានសុខនោះទេ ផ្ទុយទៅវិញពួកគេកំពុងតែខឹងសម្បារមកចំពោះពួកអ្នក។ ហើយពួកអ្នកមានជំនឿលើបណ្តាគម្ពីរទាំងអស់ ដែលក្នុងនោះ រួមទាំងគម្ពីររបស់ពួកគេផងដែរ តែពួកគេវិញមិនបានជឿលើគម្ពីរដែលអល់ឡោះបានបញ្ចុះទៅលើព្យាការីររបស់ពួកអ្នក(ព្យាការីមូហាំម៉ាត់)ឡើយ។ ហើយនៅពេលដែលពួកគេបានជួបនឹងពួកអ្នក ពួកគេនិយាយនៅនឹងអណ្តាតរបស់ពួកគេថាៈ ពួកយើងបានជឿជាក់ហើយ តែបើកាលណាពួកគេនៅជាមួយគ្នារបស់ពួកគេវិញ ពួកគេបានខាំចុងម្រាមដៃខ្លួនឯងដោយទុក្ខកង្វល់និងមានកំហឹងចំពោះពួកអ្នក ដោយសារតែពួកអ្នករួបរួមគ្នា មូលមតិគ្នា ហើយនិងភាពខ្លាំងក្លារបស់សាសនាឥស្លាម ខណៈដែលពួកគេវិញត្រូវទទួលរងនូវភាពអាម៉ាស់នោះ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលទៅកាន់ក្រុមទាំងនោះថាៈ ចូរពួកអ្នកស្ថិតនៅលើអ្វី(ស្ថានភាព)ដែលពួកអ្នកកំពុងតែស្ថិតនៅនេះរហូតដល់ស្លាប់ ទាំងពួកអ្នកមានទុក្ខកង្វល់និងការខឹងសម្បានោះចុះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែលនៅក្នុងដួងចិត្ត ទាំងការមានជំនឿនិងគ្មានជំនឿ ទាំងប្រការល្អនិងប្រការអាក្រក់។