ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ទទួលរងនូវរបួស និងទទួលរងនូវការកាប់សម្លាប់នៅក្នុងថ្ងៃសមរភូមិអ៊ូហ៊ុទនោះ ជាការពិតណាស់ ពួកគ្មានជំនឿក៏ទទួលរងរបួសនិងការកាប់សម្លាប់ដូចពួកអ្នកដែរ។ ហើយបណ្តាថ្ងៃទាំងឡាយ គឺអល់ឡោះជាម្ចាស់ទ្រង់ផ្លាស់ប្ដូររវាងមនុស្សលោក ម្តងអ្នកមានជំនឿទទួលជោគជ័យ ម្តងពួកគ្មានជំនឿទទួលជោគជ័យ តាមតែអ្វីដែលទ្រង់មានចេតនា ដោយមានបុព្វហេតុដ៏ច្បាស់លាស់មួយចំនួន ដែលក្នុងចំណោមនោះ គឺដើម្បីលាតត្រដាងឲ្យបានឃើញថា តើអ្នកណាជាអ្នកដែលមានជំនឿពិតប្រាកដ ហើយអ្នកណាជាពួកពុតត្បុត ហើយក្នុងនោះផងដែរ គឺដើម្បីទ្រង់លើកតម្កើងជនណាដែលទ្រង់មានចេតនាដោយឲ្យពួកគេពលីជីវិតក្នុងមាគ៌ារបស់ទ្រង់។ ហើយអល់ឡោះមិនស្រឡាញ់ពួកដែលបំពានលើខ្លួនឯងដោយការបោះបង់ការប្រយុទ្ធក្នុងមាគ៌ារបស់ទ្រង់នោះឡើយ។