Khmer Abridged Explanation of the Quran
3:153 - 3:153

ចូរពួកអ្នកចងចាំ(ឱបណ្ដាអ្នកដែលមានជំនឿ) ខណៈដែលពួកអ្នករត់ឡើងភ្នំគេចចេញពីសមរភូមិនៅថ្ងៃសង្គ្រាមអ៊ូហ៊ុទនៅពេលដែលពួកអ្នកទទួលបរាជ័យដោយសារតែពួកអ្នកបានល្មើសនឹងបទបញ្ជារបស់អ្នកនាំសារ ដោយម្នាក់ៗនៃពួកអ្នកមិនក្រឡេកមើលទៅនរណាម្នាក់ឡើយ ខណៈដែលអ្នកនាំសារស្រែកហៅពួកអ្នកពីខាងក្រោយពួកអ្នកចន្លោះរវាងពួកអ្នកនិងពួកពួកមុស្ហរីគីន ដោយគាត់បានស្រែកហៅថា “ឱខ្ញុំបម្រើរបស់អល់ឡោះទាំងឡាយ! សូមពួកអ្នកមកកាន់ខ្ញុំ! ឱខ្ញុំបម្រើរបស់អល់ឡោះទាំងឡាយ! សូមពួកអ្នកមកកាន់ខ្ញុំ”!។ ពេលនោះ អល់ឡោះក៏បានតបស្នងដល់ពួកអ្នកចំពោះទង្វើនេះដោយឲ្យពួកអ្នកទទួលរងនូវការឈឺចាប់និងភាពតានតឹងតាមរយៈការធ្វើឲ្យពួកអ្នកបាត់បង់ភាពជោគជ័យនិង(ការទទួលបាន)ទ្រព្យជ័យភណ្ឌ។ ហើយបន្ទាប់មក ក៏មានការឈឺចាប់និងតានតឹងម្តងទៀតដោយលេចលឺនូវពត៌មានមិនពិតអំពីការស្លាប់របស់ព្យាការី(មូហាំម៉ាត់)។ ពិតប្រាកដណាស់ ទ្រង់បានបញ្ចុះរឿងនេះ(ពត៌មានដែលថាព្យាការីមូហាំម៉ាត់ត្រូវបានគេសម្លាប់)ចំពោះពួកអ្នក គឺដើម្បីកុំឲ្យពួកអ្នកមានទុក្ខព្រួយទៅលើអ្វីដែលពួកអ្នកបានបាត់បង់នៃភាពជោគជ័យនិងទ្រព្យជ័យភណ្ឌ ហើយនិងទៅលើអ្វីដែលពួកអ្នកទទួលរងនៃការស្លាប់និងការទទួលរងរបួស។ បន្ទាប់មក ពួកអ្នកបានដឹងថា ព្យាការីមិនត្រូវបានសម្លាប់នោះទេ ហើយខណៈនោះ ទុក្ខសោកនិងការឈឺចាប់ទាំងឡាយបានរលាយសាបសូន្យចេញពីពួកអ្នក។ ហើយអល់ឡោះមហាដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ គ្មានអ្វីមួយអាចលាក់កំបាំងអំពីទ្រង់បានឡើយមិនថាស្ថានភាពនៃដួងចិត្តរបស់ពួកអ្នក និងទង្វើនៃរាងកាយរបស់ពួកអ្នក។