Khmer Abridged Explanation of the Quran
3:154 - 3:154

ក្រោយពីពួកអ្នកទទួលរងនូវការឈឺចាប់និងភាពតានតឹងហើយនោះ អល់ឡោះជាម្ចាស់បានបញ្ចុះទៅលើពួកអ្នកនូវភាពនឹងនរនិងការមានទំនុកចិត្តឡើងវិញ ដោយធ្វើឲ្យមួយក្រុមក្នុងចំណោមពួកអ្នក(ពួកគេ គឺជាបណ្តាអ្នកដែលជឿជាក់លើសន្យារបស់អល់ឡោះ)មានការងងុយគេង ដោយសារក្នុងចិត្តរបស់ពួកគេមានភាពសុខសាន្ត(ស្ងប់ចិត្ត) និងនឹងនរ។ ចំណែកឯក្រុមមួយផ្សេងទៀតមិនបានទទួលភាពសុខសាន្តនិងការងងុយគេងនោះឡើយ ដែលពួកគេទាំងនោះ គឺជាពួកពុតត្បុតដែលគ្មានខ្វល់ខ្វាយអ្វីក្រៅពីសេចក្តីសុខផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ដូច្នេះ ពួកគេស្ថិតនៅក្នុងការព្រួយបារម្ភ និងភ័យខ្លាច។ ពួកគេគិតស្មានទៅលើអល់ឡោះក្នុងផ្លូវអាក្រក់ដោយពួកគេគិតថា អល់ឡោះជាម្ចាស់នឹងមិនជួយអ្នកនាំសាររបស់ទ្រង់នោះទេ ហើយក៏មិនគាំទ្រខ្ញុំបម្រើរបស់ទ្រង់នោះដែរ ដែលដូចជាការគិតស្មានរបស់ពួកអវិជ្ជាដែលពួកគេមិនលើកតម្កើងអល់ឡោះឲ្យសាកសមទៅនឹងឋានៈពិតរបស់ទ្រង់ឡើយ។ ពួកពុតត្បុតទាំងនោះ បាននិយាយដោយភាពល្ងង់ខ្លៅរបស់ពួកគេចំពោះអល់ឡោះថាៈ ពួកយើងគ្មានសិទ្ធិបញ្ចេញយោបល់ក្នុងកិច្ចការចេញទៅច្បាំងនេះទេ ហើយប្រសិនបើពួកយើងមានសិទ្ធិក្នុងរឿងនេះ ពួកយើងច្បាស់ជានឹងមិនចេញទៅច្បាំងឡើយ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបទៅកាន់ពួកគេវិញថាៈ ពិតប្រាកដណាស់ កិច្ចការទាំងអស់គឺស្ថិតនៅលើអល់ឡោះជាម្ចាស់តែមួយគត់ ពីព្រោះទ្រង់គឺជាអ្នកកំណត់អ្វីតាមដែលទ្រង់មានចេតនា ហើយទ្រង់កាត់សេចក្ដីទៅតាមអ្វីដែលទ្រង់ចង់ ហើយទ្រង់ផងដែរជាអ្នកកំណត់ការចេញទៅធ្វើសង្គ្រាមរបស់ពួកអ្នក។ ហើយពួកពុតត្បុតទាំងនោះបានលាក់ទុកក្នុងខ្លួនរបស់ពួកគេនូវការមន្ទិលសង្ស័យ និងការគិតស្មានអាក្រក់ទៅលើអល់ឡោះ ដោយពួកគេមិនបានបញ្ចេញឲ្យអ្នកបានដឹងនោះទេ ខណៈដែលពួកគេបាននិយាយថាៈ ប្រសិនបើពួកយើងមានសិទ្ធិបញ្ចេញយោបល់ក្នុងការចេញច្បាំងនោះ ពួកយើងនឹងមិនត្រូវបានគេសម្លាប់នៅទីកន្លែងនេះនោះឡើយ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ឆ្លើយតបទៅកាន់ពួកគេវិញថាៈ ទោះបីជាពួកអ្នកស្ថិតនៅក្នុងផ្ទះរបស់ពួកអ្នកឆ្ងាយពីទីប្រយុទ្ធនិងពីសេចក្តីស្លាប់ក៏ដោយ ក៏អ្នកដែលអល់ឡោះបានកំណត់ឲ្យស្លាប់ក្នុងចំណោមពួកអ្នកនោះនឹងចេញទៅរកកន្លែងដែលពួកគេត្រូវស្លាប់មិនខាន។ ហើយអល់ឡោះមិនបានកំណត់យ៉ាងដូច្នេះឡើយ លើកលែងតែដើម្បីសាកល្បងនូវអ្វីដែលស្ថិតនៅក្នុងចិត្តរបស់ពួកអ្នកនៃការនៀត(តាំងចិត្ត) និងគោលបំណងប៉ុណ្ណោះ និងដើម្បីទ្រង់វែកញែកនូវអ្វីដែលនៅក្នុងចិត្ត រវាងសេចក្តីជំនឿ(ពិតប្រាកដ) និងភាពពុតត្បុត។ ហើយអល់ឡោះមហាដឹងអំពីអ្វីដែលនៅក្នុងចិត្តខ្ញុំបម្រើរបស់ទ្រង់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។