មិនមែនជាគតិបណ្ឌិតរបស់អល់ឡោះឡើយដែលទ្រង់បណ្ដោយឲ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ស្ថិតនៅលាយឡំជាមួយនឹងពុតត្បុត មិនវែកញែករវាងពួកអ្នក(និងពួកគេ) និងមិនបញ្ជាក់ច្បាស់លាស់ថា អ្នកណាជាអ្នកមានជំនឿពិតប្រាកដនោះ លុះត្រាតែទ្រង់វែកញែករវាងពួកអ្នក(និងពួកពុតត្បុត) ដោយការដាក់កាតព្វកិច្ចនិងការសាកល្បងផ្សេងៗដើម្បីបង្ហាញថា អ្នកណាគឺជាអ្នកដែលមានជំនឿដ៏ស្អាតស្អំ និងអ្នកណាជាពួកពុតត្បុតដែលកខ្វក់នោះ ហើយក៏មិនមែនជាគតិបណ្ឌិតរបស់អល់ឡោះជាម្ចាស់នោះដែរដែលទ្រង់ឲ្យពួកអ្នកដឹងពីប្រការអាថ៌កំបាំងដែលពួកអ្នកអាចវែកញែករវាងអ្នកដែលមានជំនឿនិងពួកពុតត្បុតនោះ ក៏ប៉ុន្តែអល់ឡោះទ្រង់ជ្រើសរើសជនណាដែលទ្រង់មានចេតនាក្នុងចំណោមបណ្ដាអ្នកនាំសាររបស់ទ្រង់ដើម្បីបង្ហាញឲ្យគាត់បានដឹងអំពីប្រការអាថ៌កំបាំងមួយចំនួន ដូចដែលទ្រង់បានឲ្យព្យាការីរបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ បានដឹងពីស្ថានភាពរបស់ពួកពុតត្បុតជាដើម។ ដូចេ្នះ ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសារឲ្យពិតប្រាកដ។ ប្រសិនបើពួកអ្នកមានជំនឿពិតប្រាកដ ហើយគោរពកោតខ្លាចអល់ឡោះ ដោយប្រតិបត្តិតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់នោះ ពួកអ្នកនឹងទទួលបានផលបុណ្យដ៏ធំធេងអំពីអល់ឡោះជាម្ចាស់។