Khmer Abridged Explanation of the Quran
3:187 - 3:187

ហើយចូរអ្នកចងចាំ(ឱព្យាការីមូហាំម៉ាត់) នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់កិច្ចសន្យាដ៏ម៉ឺងម៉ាត់ទៅលើពួកអ្នកចេះដឹងរបស់ពួកអះលីគីតាបនៃពួកយូដានិងពួកណាសរ៉នី ដើម្បីឲ្យពួកអ្នកបកស្រាយបំភ្លឺពីគម្ពីររបស់អល់ឡោះដល់មនុស្សលោក ហើយពួកអ្នកមិនត្រូវលាក់បាំងនូវការចង្អុលបង្ហាញដែលមានចែងនៅក្នុងគម្ពីរនោះឡើយ ហើយពួកអ្នកក៏មិនត្រូវលាក់បាំងឡើយនូវអ្វីដែលបញ្ជាក់ទៅលើភាពជាព្យាការីរបស់អ្នកនាំសារមូហាំម៉ាត់(ដែលមានចែងនៅក្នុងគម្ពីរទាំងនោះ)នោះដែរ។ ក៏ប៉ុន្តែពួកគេគ្មានអ្វីក្រៅតែពីបោះបង់ចោលកិច្ចសន្យានោះ និងមិនបែរទៅរកវានោះឡើយ ហើយពួកគេបានលាក់បាំងការពិត និងបានបង្ហាញនូវអ្វីដែលមិនពិត ព្រមទាំងបានយកកិច្ចសន្យារបស់អល់ឡោះទៅប្តូរជាមួយនឹងកម្រៃបន្តិចបន្តួច ដូចជាបុណ្យសក្តិ និងទ្រព្យសម្បត្តិ ដែលពួកគេអាចនឹងទទួលបាន។ ពិតណាស់ កម្រៃដែលពួកគេប្តូរជាមួយកិច្ចសន្យារបស់អល់ឡោះនេះ គឺអាក្រក់បំផុត។