ឱមនុស្សលោកទាំងឡាយ ចូរពួកអ្នកកោតខ្លាចទៅចំពោះម្ចាស់របស់ពួកអ្នក ពីព្រោះទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកចេញអំពីខ្លួនមនុស្សតែមួយ គឺឪពុករបស់ពួកអ្នក ព្យាការីអាហ្ទាំ ហើយទ្រង់បានបង្កើតចេញអំពីព្យាការីអាហ្ទាំនោះនូវភរិយារបស់គាត់ គឺហាវ៉ាក(នាងអេវ៉ា) ដែលជាម្តាយរបស់ពួកអ្នកទាំងអស់គ្នា។ ហើយទ្រង់បានបង្កើតចេញអំពីពួកគាត់ទាំងពីរនោះនូវមនុស្សជាច្រើន មានប្រុស មានស្រី ពាសពេញផែនដី។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលពួកអ្នកទាមទារសិទ្ធិគ្នាទៅវិញទៅមកក្នុងនាមរបស់ទ្រង់ ដោយការពោលថា: ជាមួយនឹងព្រះនាមរបស់អល់ឡោះ! ខ្ញុំសុំឲ្យអ្នកធ្វើបែបនេះ។ ហើយចូរពួកអ្នកកោតខ្លាចចំពោះការកាត់ផ្ដាច់ចំណងសាច់សាលោហិតដែលផ្សាភ្ជាប់រវាងពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដែលឃ្លាំមើលពួកអ្នក។ ដូចនេះ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចរំលងផុតពីទ្រង់បានឡើយ។ ផ្ទុយទៅវិញ ទ្រង់ដឹងចំនួនវាទាំងអស់ ហើយទ្រង់នឹងតបស្នងឲ្យពួកអ្នកលើទង្វើទាំងនោះ។