អល់ឡោះបានដាក់កិច្ចសន្យាទៅលើពួកអ្នក ហើយបានបង្គាប់ប្រើពួកអ្នកឲ្យធ្វើការបែងចែកកេរមរតកកូនៗរបស់ពួកអ្នក។ ពិតប្រាកដណាស់ កេរមរតកត្រូវបែងចែករវាងពួកគេ ដោយកូនប្រុសម្នាក់ត្រូវទទួលបានចំណែកស្មើនឹងចំណែកកូនស្រីពីរនាក់។ ដូច្នេះ ប្រសិនបើអ្នកស្លាប់បានបន្សល់ទុកកូនស្រីច្រើននាក់ហើយគ្មានកូនប្រុសទេនោះ សម្រាប់កូនស្រីដែលមានគ្នាចាប់ពីពីរនាក់ឡើងទៅ គឺត្រូវទទួលបានចំណែកពីរភាគបីនៃចំណែកមរតក(ដែលបានបន្សល់ទុក)នោះ។ ហើយប្រសិនបើសពមានកូនស្រីតែម្នាក់ សម្រាប់នាងគឺទទួលបានចំណែកពាក់កណ្ដាលនៃកេរមរតកដែលបានបន្សល់ទុក។ ហើយសម្រាប់ឪពុកម្ដាយនៃសព គឺម្នាក់ៗនៃពួកគាត់ទាំងពីរត្រូវទទួលបានចំណែកមួយភាគប្រាំមួយនៃចំណែកមរតកនោះ ប្រសិនបើសពនោះបានបន្សល់ទុកកូនប្រុសម្នាក់ ឬកូនស្រីម្នាក់។ តែប្រសិនបើអ្នកស្លាប់មិនបានបន្សល់ទុកកូន ហើយក៏គ្មានអ្នកទទួលមរតកផ្សេងទៀតក្រៅពីឪពុកម្តាយទាំងពីររបស់គេទេនោះ គឺសម្រាប់ម្ដាយត្រូវទទួលបានមរតកមួយភាគបី ហើយកេរមរតកដែលនៅសល់ទាំងអស់ គឺសម្រាប់ឪពុក។ ហើយប្រសិនបើសពនោះបានបន្សល់ទុកបងប្អូនចាប់ពីពីរនាក់ឡើងទៅ មិនថាប្រុសឬស្រី មិនថាបងប្អូនបង្កើតឬបងប្អូន(រួមឪពុក)ម្តាយទីទៃ សម្រាប់ម្ដាយរបស់សព គឺទទួលមរតកមួយភាគប្រាំមួយជាការកំណត់ ហើយកេរមរតកដែលនៅសល់ទាំងអស់គឺសម្រាប់ឪពុក ដោយបងប្អូនទាំងនោះមិនទទួលចំណែកមរតកអ្វីឡើយ។ ហើយការចែកកេរមរតកបែបនេះ គឺក្រោយពីបានបំពេញនូវបណ្តាំរបស់សពដែលបានផ្តាំផ្ញើ ក្រោមលក្ខខណ្ឌ គឺមិនត្រូវឲ្យបណ្តាំនោះលើសពីមួយភាគបីនៃទ្រព្យសម្បត្តិទាំងមូលរបស់សពឡើយ ហើយនិងត្រូវសងបំណុលដែលសពបានជំពាក់គេរួចរាល់សិន។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បង្កើតឲ្យមានការបែងចែកមរតកបែបនេះពីព្រោះពួកអ្នកមិនដឹងទេថា ក្នុងចំណោមឪពុកម្ដាយនិងកូនចៅ តើអ្នកណាដែលអាចផ្តល់ផលប្រយោជន៍ដល់ពួកអ្នកជាងគេទាំងនៅលើលោកិយ និងនៅថ្ងៃបរលោកនោះ។ ជូនកាលអ្នកដែលស្លាប់នោះគិតថា ម្នាក់ក្នុងចំណោមអ្នកដែលមានសិទ្ធិទទួលកេរមរតកនោះជាមនុស្សល្អជាងគេ។ ដូច្នេះ គេក៏ផ្ដល់ឲ្យម្នាក់នោះនូវទ្រព្យសម្បត្តិទាំងអស់ ឬក៏គាត់គិតថា ម្នាក់ក្នុងចំណោមអ្នកដែលទទួលកេរមរតកនោះជាមនុស្សអាក្រក់ ដូច្នេះ គេក៏មិនបានចែកកេរមរតកនោះឲ្យទៅគេសោះ។ ហើយជួនកាលទៀត ស្ថានភាពផ្ទុយពីនោះក៏ថាបាន។ ហើយអ្នកដែលដឹងរឿងរ៉ាវទាំងអស់នោះ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ហេតុនេះហើយទើបទ្រង់បានបែងចែកកេរមរតកតាមការបញ្ជាក់ខាងលើនោះ ហើយទ្រង់បានកំណត់វាជាកាតព្វកិច្ចលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតដែលគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយចំពោះអ្វីដែលអាចផ្តល់ផលប្រយោជន៍ដល់ខ្ញុំបម្រើរបស់ទ្រង់នោះ ហើយទ្រង់ជាអ្នកដែលមហាគតិបណ្ឌិតក្នុងការដាក់បញ្ញត្តិច្បាប់ និងការចាត់ចែងរបស់ទ្រង់។