Khmer Abridged Explanation of the Quran
4:23 - 4:23

អល់ឡោះជាម្ចាស់បានហាមឃាត់ពួកអ្នកមិនឲ្យរៀបការជាមួយម្ដាយរបស់ពួកអ្នក និងខ្សែម្តាយឡើងលើ ពោលគឺ ជីដូន ជីទួត ជីលួត...ទាំងខាងឪពុក និងខាងម្តាយ។ ហើយអល់ឡោះក៏បានហាមឃាត់ដែរ ការរៀបការជាមួយកូនស្រីរបស់ពួកអ្នក និងខ្សែកូនចុះក្រោមតទៅ ពោលគឺ ចៅ ចៅទួត ចៅលួត...ទាំងខាងកូនប្រុស និងខាងកូនស្រី។ ហើយទ្រង់ក៏បានហាមឃាត់ផងដែរមិនឲ្យរៀបការជាមួយបងប្អូនស្រីបង្កើតរបស់ពួកអ្នក ឬបងប្អូនស្រីរួមម្តាយ ឬបងប្អូនស្រីរួមឪពុក។ ហើយ(ទ្រង់ក៏បានហាមឃាត់ផងដែរមិនឲ្យរៀបការជាមួយ)នឹងម្តាយមីងខាងឪពុករបស់ពួកអ្នក ហើយនិងខ្សែមីងទៅឡើងលើ(ខាងឪពុក)។ ហើយ(ទ្រង់ក៏បានហាមឃាត់ផងដែរមិនឲ្យរៀបការជាមួយ)នឹងម្តាយមីងខាងម្ដាយរបស់ពួកអ្នក និងខ្សែមីងឡើងលើ(ខាងម្តាយ)។ ហើយ(ទ្រង់ក៏បានហាមឃាត់ផងដែរមិនឲ្យរៀបការជាមួយ)នឹងកូនស្រីរបស់បងប្អូនប្រុសរបស់ពួកអ្នក និងកូនស្រីរបស់បងប្អូនស្រីរបស់ពួកអ្នក(ក្មួយស្រីបង្កើត) ព្រមទាំកូនចៅស្រីរបស់ពួកគេ។ ហើយ(ទ្រង់ក៏បានហាមឃាត់ផងដែរមិនឲ្យរៀបការជាមួយ)នឹងម៉ែដោះរបស់ពួកអ្នកដែលបានបំបៅពួកអ្នក និងបងប្អូនស្រីតាមរយៈការបំបៅដោះតែមួយជាមួយពួកអ្នក និងម្ដាយក្មេករបស់ពួកអ្នក ទោះបីប្រពន្ធនោះ ពួកអ្នកបានរួមដំណេកជាមួយនាងរួចហើយ ឬមិនទាន់បានរួមដំណេកជាមួយពួកនាងក្តី។ ហើយ(ទ្រង់ក៏បានហាមឃាត់ផងដែរមិនឲ្យរៀបការជាមួយ)នឹងកូនស្រីប្រពន្ធរបស់ពួកអ្នក(កូនស្រីចុង)ដែលបានមកពីប្តីផ្សេងដែលជាធម្មតាពួកនាងធំធាត់ឡើងនៅក្នុងផ្ទះរបស់ពួកអ្នក ឬក៏មិនមែនធំធាត់ឡើងនៅក្នុងផ្ទះរបស់ពួកអ្នកក៏ដោយ ប្រសិនបើពួកអ្នកបានរួមដំណេកជាមួយម្តាយរបស់ពួកនាងរួចហើយនោះ។ តែប្រសិនបើពួកអ្នកមិនទាន់បានរួមដំណេកជាមួយម្តាយរបស់ពួកនាង(ម្តាយរបស់កូនស្រីចុង)ទេ គឺគ្មានទោសពៃរ៍លើពួកអ្នកឡើយក្នុងការរៀបការជាមួយកូនស្រីរបស់ពួកនាង(កូនស្រីចុង)នោះ។ ហើយ(ទ្រង់ក៏បានហាមឃាត់ផងដែរមិនឲ្យរៀបការជាមួយ)នឹងប្រពន្ធរបស់កូនប្រុសបង្កើតរបស់ពួកអ្នក(កូនប្រសារ) ទោះបីពួកគេមិនទាន់បានរួមដំណេកជាមួយពួកនាងក៏ដោយ។ ហើយត្រូវបានរាប់បញ្ចូលក្នុងច្បាប់(ដែលហាមឃាត់មិនឲ្យរៀបការជាមួយ)នេះដែរ គឺប្រពន្ធកូនប្រុសរបស់ពួកអ្នកតាមរយៈការបំបៅដោះ។ ហើយគេ(អល់ឡោះ)ក៏បានហាមឃាត់លើពួកអ្នកផងដែរមិនឲ្យរៀបកាជាមួយស្រ្តីពីរនាក់ដែលជាបងប្អូនបង្កើតនឹងគ្នា ឬបងប្អូនតាមរយៈការបៅដោះជាមួយគ្នានោះឡើយ លើកលែងតែអ្វីដែលបានកន្លងផុតទៅនៅសម័យអវិជ្ជា គឺអល់ឡោះបានអភ័យទោសឲ្យក្នុងរឿងនោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលសារភាពកំហុសចំពោះទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ មានភស្តុតាងបញ្ជាក់នៅក្នុងស៊ុណ្ណះ(លំអានរបស់ព្យាការី)ផងដែរដែលហាមឃាត់មិនឲ្យរៀបការរួមគ្នារវាងស្រីម្នាក់ និងម្តាយមីងរបស់នាង មិនថាខាងឪពុក ឬខាងម្តាយ។