ហើយជនណាមួយក្នុងចំណោមពួកអ្នក(ឱបុរសទាំងឡាយ)គ្មានទ្រព្យសម្បត្តិគ្រប់គ្រាន់ដើម្បីរៀបការជាមួយនឹងស្រ្ដីដែលមានសិទ្ធិសេរីភាពទេនោះ គេអនុញ្ញាតឲ្យគាត់អាចរៀបការជាមួយនឹងស្ត្រីបម្រើដាច់ថ្លៃដែលជាកម្មសិទ្ធិរបស់អ្នកដទៃ ប្រសិនបើពួកនាងជាអ្នកមានជំនឿដូចអ្វីដែលគេបានបង្ហាញចំពោះពួកអ្នក។ ហើយអល់ឡោះទ្រង់ដឹងបំផុតពីធាតុពិតនៃសេចក្តីជំនឿរបស់ពួកអ្នក និងអាថ៌កំបាំងនៃស្ថានភាពរបស់ពួកអ្នក។ ពួកអ្នកនិងពួកនាង គឺស្មើភាពគ្នាទាំងក្នុងសាសនា និងក្នុងភាពជាមនុស្សជាតិ។ ដូច្នេះ ចូរពួកអ្នកកុំបដិសេធចំពោះការរៀបការជាមួយពួកនាង(ស្ត្រីបម្រើដាច់ថ្លៃ) ហើយចូរពួកអ្នករៀបការជាមួយពួកនាងដោយមានការអនុញ្ញាតពីចៅហ្វាយនាយរបស់ពួកនាង ហើយចូរពួកអ្នកផ្ដល់ឲ្យពួកនាងនូវខាន់ស្លារបស់ពួកនាងដោយគ្មានការកេងបំបាត់ឬពន្យាពេលនោះទេ ប្រសិនបើពួកនាងជាស្រ្តីសា្អតស្អំ ពុំមែនជាស្រ្តីពេស្យាចារ និងពុំមែនជាស្រ្តីដែលមានសាហាយស្មន់ហ្ស៊ីណាដែលយកពួកនាងគ្រាន់តែដើម្បីប្រព្រឹត្តហ្ស៊ីណាជាមួយពួកនាងដោយស្ងាត់ៗឡើយ។ ហើយប្រសិនបើពួកនាងបានរៀបការ(មានប្ដី)រួច ក្រោយមកពួកនាងបានប្រព្រឹត្តអំពើអសីលធម៌ហ្ស៊ីណា ពួកនាងត្រូវបានកំណត់ឲ្យទទួលទណ្ឌកម្មពាក់កណ្ដាលនៃទណ្ឌកម្មរបស់ស្រី្ដដែលមានសេរីភាព (គឺត្រូវវាយ )ចំនួនហាសិបរំពាត់ និងមិនត្រូវគប់នឹងដុំថ្មរហូតដល់ស្លាប់ចំពោះពួកនាងឡើយ គឺខុសពីស្រ្តីដែលមានប្ដីរួចក្នុងចំណោមស្រ្តីដែលមានសេរីភាពនៅពេលដែលពួកនាងបានប្រព្រឹត្តហ្ស៊ីណា។ ការលើកឡើងអំពីការអនុញ្ញាតឲ្យរៀបការជាមួយស្រ្តីបម្រើដាច់ថ្លៃដែលជាអ្នកមានជំនឿ និងស្អាតស្អំនោះ គឺជាការអនុគ្រោះចំពោះអ្នកដែលគ្មានលទ្ធភាពរៀបការជាមួយស្រ្តីដែលមានសិទ្ធិសេរីភាពដោយខ្លាចខ្លួនរបស់គេធ្លាក់ក្នុងប្រការហ្ស៊ីណា។ ហើយការអត់ធ្មត់មិនរៀបការជាមួយស្រ្តីបម្រើដាច់ថ្លៃនោះ គឺជាការប្រសើរជាង ដើម្បីការពារកូនចៅពីការក្លាយជាខ្ញុំបម្រើគេ។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោសចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ ហើយក្នុងចំណោមក្ដីមេត្តាករុណារបស់ទ្រង់នោះ គឺទ្រង់បានដាក់ច្បាប់ឲ្យពួកគេអាចរៀបការជាមួយនឹងស្រ្តីបម្រើដាច់ថ្លៃ នៅក្នុងគ្រាដែលគេអសមត្ថភាពរៀបការជាមួយនឹងស្រ្តីដែលមានសិទ្ធិសេរីភាពនៅពេលដែលគេខ្លាចធ្លាក់ក្នុងប្រការហ្ស៊ីណានោះ។