ហើយអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ពួកអ្នកមិនឱ្យរៀបការនឹងស្ដី្រដែលមានប្ដីរួច លើកលែងតែស្រ្តីទាំងនោះជាឈ្លើយសឹកដែលចាប់បាននៅក្នុងសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ។ ដូចនេះទ្រង់អនុញ្ញាតឲ្យពួកអ្នកអាចរួមដំណេកជាមួយនឹងពួកនាងបន្ទាប់ពីស្បូនរបស់ពួកនាងបានជ្រះស្អាតពីឈាមរដូវ។ ទាំងនោះគឺជាការកំណត់របស់អល់ឡោះចំពោះពួកអ្នក។ ហើយអល់ឡោះបានអនុញ្ញាតឱ្យពួកអ្នក(អាចរៀបការ)ចំពោះស្ដ្រីផ្សេងក្រៅស្ត្រីដែលបានលើកឡើងខាងលើ ដោយពួកអ្នកអាចស្វែងរកស្រ្ដីដោយទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកអ្នកដើម្បីរៀបការជាមួយពួកនាងដោយស្របច្បាប់ គឺពុំមែនក្នុងគោលបំណងដើម្បីប្រព្រឹត្តហ្ស៊ីណា(នឹងពួកនាង)នោះឡើយ។ ហើយប្រសិនបើពួកអ្នកបានរួមដំណេកជាមួយពួកនាងតាមរយៈការរៀបការស្របច្បាប់ហើយនោះ ដូច្នេះ ចូរពួកអ្នកផ្ដល់ឲ្យពួកនាងនូវប្រាក់ខាន់ស្លារបស់ពួកនាងដែលអល់ឡោះបានដាក់ជាកាតព្វកិច្ចចាំបាច់លើពួកអ្នក។ ហើយគ្មានទោសពៃរ៍ចំពោះពួកអ្នកឡើយនូវអ្វីដែលពួកអ្នកបានឯកភាពគ្នានឹងវា(ខាន់ស្លា)បន្ទាប់ពីពួកអ្នកបានកំណត់វារួច ដោយការបន្ថែមលើវា ឬក៏អធ្យាស្រ័យ(បន្ធូរបន្ថយ)ខ្លះអំពីវា។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះម៉ាខ្លូករបស់ទ្រង់ដោយគ្មានអ្វីមួយក្នុងចំណោមពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតនៅក្នុងការចាត់ចែង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។