ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកុំប្រតិបត្តិសឡាត(ថ្វាយបង្គំ)ក្នុងពេលដែលពួកអ្នកស្ថិតនៅក្នុងស្ថានភាពស្រវឹង រហូតទាល់តែពួកអ្នកបានស្វាងពីភាពស្រវឹងនោះ ហើយពួកអ្នកដឹងនូវអ្វីដែលពួកអ្នកកំពុងនិយាយ (នេះគឺជាច្បាប់ដែលគេបានចែងមុនពេលដែលស្រាត្រូវបានហាមឃាត់ទាំងស្រុង)។ ហើយចូរពូកអ្នកកុំសឡាតក្នុងពេលដែលពួកអ្នកមានជូនុប(រួមភេទ ឬចេញទឹកកាម) ហើយក៏មិនត្រូវចូលក្នុងម៉ាស្ជិតដែរក្នុងពេលដែលពួកអ្នកមានជូនុបនោះ រហូតទាល់តែពួកអ្នកងូតទឹកសម្អាតខ្លួនសិន តែពួកអ្នកអាចឆ្លងកាត់ដោយមិនស្នាក់នៅក្នុងវា(ម៉ាស្ជិត)បាន។ ហើយប្រសិនបើពួកអ្នកមានជំងឺមិនអាចប្រើប្រាស់ទឹកបាន ឬមួយពួកអ្នកជាអ្នកដំណើរ ឬក៏នរណាម្នាក់ក្នុងចំណោមពួកអ្នកមានហាហ្ទាស(គ្មានទឹកវូហ្ទុ) ឬក៏ពួកអ្នកបានរួមដំណេកជាមួយភរិយា ហើយពួកអ្នកមិនអាចរកទឹក(ឬមិនអាចប្រើប្រាស់ទឹក)បានទេនោះ ចូរពួកអ្នកតាយ៉ាំមុំដោយប្រើដីស្អាត ដោយពួកអ្នកត្រូវជូតមុខ និងដៃរបស់ពួកអ្នកនឹងដីនោះចុះ។ ពិតប្រាកណាស់ អល់ឡោះទ្រង់មហាអធ្យាស្រ័យបំផុតចំពោះការខ្វះខាតរបស់ពួកអ្នក និងមហាអភ័យទោសបំផុតចំពោះពួកអ្នក។