ក្នុងចំណោមពួកយូដា គឺមានមនុស្សអាក្រក់មួយក្រុមដែលពួកគេកែប្រែបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានបញ្ជុះមក ដោយពួកគេបកស្រាយវា(បន្ទូលអល់ឡោះ)ខុសពីអ្វីដែលទ្រង់បានបញ្ចុះមក ហើយពួកគេនិយាយទៅកាន់អ្នកនាំសារមូហាំម៉ាត់ខណៈពេលដែលគាត់បង្គាប់ប្រើពួកគេឲ្យធ្វើកិច្ចការអ្វីមួយថាៈ “ពួកយើងបានឮសម្តីរបស់អ្នកហើយ តែពួកយើងមិនគោរពតាមការបង្គាប់ប្រើរបស់អ្នកទេ” ហើយពួកគេនិយាយទាំងចំអកថាៈ “ចូរអ្នក(ព្យាការីមូហាំម៉ាត់)ស្ដាប់អ្វីដែលពួកយើងនិយាយ ប៉ុន្តែអ្នកបែរជាមិនព្រមស្តាប់” ដោយពួកគេបន្លំដោយប្រើពាក្យថាៈ “រ៉អ៊ីណា” ដែលមានន័យថា “សូមអ្នកថែរក្សាពួកយើងផង”។ តែតាមពិត ពួកគេប្រើពាក្យនេះសម្រាប់ការជេរប្រមាថ មាក់ងាយចំពោះព្យាការី និងដើម្បីបួងសួងអាក្រក់ទៅលើលោក ហើយពួកគេមានបំណងចង់បង្ខូចសាសនាឥស្លាម។ តែប្រសិនបើពួកគេនិយាយថា: “ពួកយើងបានស្ដាប់ឮពាក្យសម្ដីរបស់អ្នក និងបានគោរពតាមការបង្គាប់ប្រើរបស់អ្នកហើយ” ជំនួសឱ្យពាក្យសម្ដីរបស់ពួកគេដែលនិយាយថា “ពួកយើងបានស្ដាប់ឮសំដីរបស់អ្នកហើយ តែពួកយើងមិនគោរពតាមការបង្គាប់ប្រើរបស់អ្នកទេ” ហើយនិយាយថាៈ “សូមអ្នកស្ដាប់” ជំនួសឲ្យការនិយាយថាៈ “ចូរអ្នកស្ដាប់ តែអ្នកមិនព្រមស្តាប់” និងនិយាយថា: “សូមអ្នក(មូហាំម៉ាត់)រង់ចាំឲ្យពួកយើងបានយល់ពីអ្វីដែលអ្នកបាននិយាយសិន” ជំនួសឲ្យពាក្យថាៈ “ រ៉អ៊ីណា ” (ដែលជាពាក្យមើលងាយលើអ្នកនាំសារ)នោះ ការធ្វើដូច្នោះ គឺជាការប្រសើរបំផុតសម្រាប់ពួកគេជាងអ្វីដែលពួកគេបាននិយាយនៅលើកដំបូង និងជាពាក្យដែលត្រឹមត្រូវជាងការពោលថា “រ៉អ៊ីណា” ដោយសារវាជាសីលធម៌ដ៏ល្អមួយចំពោះព្យាការី។ ក៏ប៉ុន្តែអល់ឡោះបានដាក់បណ្ដាសារពួកគេ ដោយទ្រង់បានបណ្តេញពួកគេឱ្យឃ្លាតឆ្ងាយពីក្ដីមេត្តាករុណារបស់ទ្រង់ ដោយសារតែការប្រឆាំងរបស់ពួកគេ។ ហេតុនេះ ពួកគេមិនមានជំនឿនូវការមានជំនឿមួយដែលអាចផ្តល់ប្រយោជន៍ដល់ពួកគេឡើយ។