ហើយនៅពេលដែលព័ត៌មានស្ដីអំពីសុវត្ថិភាពរបស់អ្នកមូស្លីមនិងភាពសប្បាយរីករាយរបស់ពួកគេ ឬព័ត៌មានអំពីការភ័យខ្លាចនិងការព្រួយបារម្ភរបស់ពួកគេបានមកដល់ពួកពុតត្បុតទាំងនោះ គឺពួកគេចែកចាយនិងផ្សព្វផ្សាយព័ត៌មាននោះភ្លាម(ទាំងដែលពួកគេមិនទាន់ដឹងទេថា តើព័ត៌មាននោះពិតឬមិនពិត)។ តែប្រសិនបើពួកគេកុំប្រញាប់ផ្សព្វផ្សាយ ហើយផ្តល់ព័ត៌មាននោះទៅកាន់អ្នកនាំសាររបស់អល់ឡោះ និងក្រុមអ្នកដែលមានប្រាជ្ញា មានចំណេះដឹង និងមានដំបូន្មាននោះ អ្នកទាំងនោះនឹងដឹងថា តើត្រូវធ្វើដូចម្តេចចំពោះព័ត៌មាននោះ ថាតើគួរផ្សព្វផ្សាយ ឬបិទបាំង? ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះឱ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នូវសាសនាឥស្លាម និងក្ដីមេត្តាករុណាទ្រង់ចំពោះពួកអ្នកតាមរយៈគម្ពីរគួរអាន និងការការពារពួកអ្នកពីការសាកល្បងដែលយើងបានដាក់ទៅលើពួកពុតត្បុតទាំងនោះទេនោះ ពួកអ្នកប្រាកដជានឹងដើរតាមការញុះញុងរបស់ស្ហៃតនជាមិនខាន លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកអ្នកប៉ុណ្ណោះ។