ចំពោះអ្នកមានជំនឿ គឺមិនត្រូវសម្លាប់អ្នកដែលមានជំនឿដូចគ្នានោះទេ លើកលែងតែរឿងនោះកើតឡើងដោយអចេតនាប៉ុណ្ណោះ។ ហើយជនណាបានជ្រុលជ្រួសសម្លាប់អ្នកមានជំនឿដោយអចេតនា គឺចាំបាច់លើរូបគេត្រូវដោះលែងទាសីដែលមានជំនឿម្នាក់ឱ្យមានសេរីភាព ជាការផាកពិន័យចំពោះទង្វើរបស់គេ ហើយចំពោះសាច់ញាតិរបស់ឃាតករដែលពួកគេជាអ្នកទទួលមរតកពីគេ (ឃាតករ)នោះ ត្រូវបង់ពិន័យ(ជាទ្រព្យសម្បត្តិដែលត្រូវបានកំណត់)ឲ្យទៅអ្នកដែលទទួលមរតកពីជនរងគ្រោះ លើកលែងតែពួកគេ(សាច់ញាតិជនរងគ្រោះដែលត្រូវទទួលមរតក)មានការអាធ្យាស្រ័យចំពោះការបង់ពិន័យនោះ ដូច្នេះគឺមិនចាំបាច់ត្រូវបង់ពិន័យនោះទេ។ ហើយប្រសិនបើអ្នកដែលត្រូវបានគេសម្លាប់(ជនរងគ្រោះ)ស្ថិតក្នុងក្រុមសត្រូវរបស់ពួកអ្នក តែរូបគេជាអ្នកមានជំនឿ គឺចាំបាច់ទៅលើឃាតករត្រូវដោះលែងទាសីដែលមានជំនឿម្នាក់ឲ្យមានសេរីភាព តែមិនចាំបាច់លើគេត្រូវបង់ពិន័យនោះទេ។ ហើយប្រសិនបើអ្នកដែលត្រូវបានគេសម្លាប់(ជនរងគ្រោះ)មិនមែនជាអ្នកមានជំនឿ ក៏ប៉ុន្តែរូបគេស្ថិតក្នុងក្រុមដែលបានចុះកិច្ចព្រមព្រៀងរវាងពួកអ្នកនិងពួកគេ ដូចជាក្រុមដែលរស់នៅក្រោមការគ្រប់គ្រងរបស់ប្រទេសឥស្លាមនោះ គឺតម្រូវឲ្យសាច់ញាតិរបស់ឃាតករដែលពួកគេជាអ្នកទទួលមរតកពីគេ(ឃាតករ)នោះ ត្រូវបង់ពិន័យ(ជាទ្រព្យសម្បត្តិដែលគេបានកំណត់)ទៅឲ្យអ្នកទទួលមរតកពីជនរងគ្រោះ ហើយចំពោះឃាតករត្រូវដោះលែងទាសីដែលមានជំនឿម្នាក់ឲ្យមានសេរីភាព ជាការផាកពិន័យចំពោះទង្វើរបស់គេ។ តែប្រសិនបើគេ(ឃាតករ)មិនអាចរកអ្នកដែលគេត្រូវដោះលែងឲ្យមានសេរីភាព ឬក៏គេគ្មានលទ្ធភាពចំណាយលើតម្លៃខ្លួនគេ(ទាសី)បានទេនោះ គឺគេត្រូវបួសពីរខែជាប់ៗគ្នាដោយមិនត្រូវធ្វើឲ្យដាច់បួសក្នុងរយៈពីរខែនេះឡើយ។ ការធ្វើដូច្នេះ គឺដើម្បីឲ្យអល់ឡោះជាម្ចាស់អភ័យទោសចំពោះអ្វីដែលគេបានប្រព្រឹត្ត។ ហើយអល់ឡោះមហាដឹងបំផុតពីទង្វើនៃខ្ញុំបម្រើរបស់ទ្រង់ និងការតាំងចិត្តរបស់ពួកគេ មហាគតិបណ្ឌិតក្នុងការដាក់បញ្ញត្តិច្បាប់ និងការចាត់ចែងរបស់ទ្រង់។