Khmer Abridged Explanation of the Quran
4:94 - 4:94

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់! កាលណាពួកអ្នកចេញដំណើរទៅធ្វើសង្រ្គាមក្នុងមាគ៌ាអល់ឡោះ ចូរពួកអ្នកពិនិត្យឲ្យបានច្បាស់លាស់ចំពោះរឿងរ៉ាវរបស់អ្នកដែលពួកអ្នកត្រូវធ្វើសង្គ្រាម(ជាមួយ)នោះ។ ហើយចូរពួកអ្នកកុំនិយាយទៅកាន់អ្នកដែលបានបង្ហាញដល់ពួកអ្នកនូវអ្វីដែលចង្អុលបង្ហាញពីភាពជាឥស្លាមរបស់គេថា “អ្នកពុំមែនជាអ្នកដែលមានជំនឿទេ។ តាមពិត ការដែលអ្នកបង្ហាញថា អ្នកជាអ្នកមានជំនឿនោះ ក៏ព្រោះតែអ្នកភ័យខ្លាចពីការបាត់បង់ជីវិត និងទ្រព្យសម្បត្តិរបស់អ្នកតែប៉ុណ្ណោះ” ឲ្យសោះ ហើយពួកអ្នកក៏បានសម្លាប់គេដើម្បីផលប្រយោជន៍លោកិយបន្តិចបន្តូច ដូចជាទ្រព្យជ័យភណ្ឌដែលបានពីគេ(អ្នកដែលគេបានសម្លាប់)នោះជាដើម។ តែនៅជាមួយអល់ឡោះវិញ គឺមានទ្រព្យជ័យភណ្ឌដ៏ច្រើនលើសលប់ ហើយវាល្អប្រសើរ និងធំធេងជាងផលប្រយោជន៍លោកិយនេះទៅទៀត។ ម្យ៉ាងវិញទៀតកាលពីមុន ពួកអ្នកក៏ដូចជាពួកដែលលាក់បាំងសេចក្តីជំនឿរបស់គេអំពីក្រុមរបស់គេដូចគ្នាដែរ ហើយអល់ឡោះក៏បានប្រោសប្រទានដល់ពួកអ្នកនូវសាសនាឥស្លាម ហើយទ្រង់បានការពារអាយុជីវិតរបស់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកពិនិត្យឲ្យបានច្បាស់លាស់ ( មុនសម្រេចចិត្តធ្វើកិច្ចការអ្វីមួយ )។ ពិតប្រាកដណាស់ គ្មានអ្វីអាចលាក់បាំងពីអល់ឡោះបានឡើយទោះបីជារឿងនោះតូចល្អិតប៉ុនណាក៏ដោយ ហើយទ្រង់នឹងតបស្នងពួកអ្នកវិញទៅលើទង្វើដែលពួកអ្នកបានសាងនោះ។