Khmer Abridged Explanation of the Quran
4:128 - 4:128

ហើយប្រសិនបើស្រ្តី(ជាភរិយា)មានការបារម្ភខ្លាច(កើតមាន)នូវការស្អប់ខ្ពើម និងការមិនពេញចិត្តចំពោះនាងពីសំណាក់ស្វាមីរបស់នាងនោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេទាំងពីរក្នុងការផ្សះផ្សា ដោយបោះបង់ចោលនូវសិទ្ធិមួយចំនួនដែលប្តីត្រូវបំពេញលើប្រពន្ឋ ដូចជាការផ្តត់ផ្គង់ជីវភាពរស់នៅ និងកន្លែងស្នាក់នៅជាដើម ហើយការផ្សះផ្សានោះ វាល្អប្រសើរសម្រាប់គេទាំងពីរជាងការលែងលះ។ ជាការពិតណាស់ ចិត្តរបស់មនុស្សតែងតែមានភាពកំណាញ់ ដោយគេមិនពេញចិត្តចំពោះការដែលត្រូវបានគេកាត់សិទ្ធិ(របស់ខ្លួន)នោះឡើយ។ ដូច្នោះ ចាំបាច់លើប្តីប្រពន្ធទាំងពីរត្រូវព្យាបាលជំងឺ(កំណាញ់)នេះតាមរយៈការអប់រំចិត្តឱ្យចេះអភ័យទោស និងធ្វើអំពើល្អ។ ប្រសិនបើពួកអ្នកធ្វើល្អក្នុងរាល់កិច្ចការទាំងអស់របស់ពួកអ្នក និងកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជា និងចៀសឆ្ងាយពីបម្រាមរបស់ទ្រង់នោះ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានអ្វីអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងវាដល់ពួកអ្នក។