ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី ព្រមទាំងអ្វីៗដែលមាននៅចន្លោះវាទាំងពីរ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ហើយពិតប្រាកដណាស់ យើងបានដាក់កិច្ចសន្យា(បទបញ្ជា)ចំពោះពួកអះលីគីតាបក្នុងចំណោមពួកយូដា និងពួកណាសរ៉នីដូចដែលយើងបានកិច្ចសន្យាចំពោះពួកអ្នកដែរ ដោយឲ្យពួកអ្នកអនុវត្តតាមបទបញ្ជាទាំងឡាយរបស់អល់ឡោះ និងចៀសវាងឲ្យឆ្ងាយពីបម្រាមរបស់ទ្រង់។ ហើយប្រសិនបើពួកអ្នកប្រឆាំងនឹងកិច្ចសន្យានោះ ពួកអ្នកនឹងមិនអាចបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ក្រៅពីខ្លួនឯងឡើយ ពីព្រោះអល់ឡោះជាម្ចាស់មហាមានលើសលប់មិនត្រូវការការគោរពប្រតិបត្តិរបស់ពួកអ្នកឡើយ។ ពិតប្រាកដណាស់ ទ្រង់គឺជាម្ចាស់គ្រប់គ្រងអ្វីៗដែលនៅលើមេឃជាច្រើនជាន់និងអ្វីៗដែលនៅលើផែនដី ហើយទ្រង់មិនត្រូវការអ្វីមួយពីម៉ាខ្លូកទាំងអស់របស់ទ្រង់ឡើយ ហើយទ្រង់គឺជាអ្នកដែលត្រូវគេកោតសរសើរចំពោះលក្ខណៈសម្បត្តិ និងទង្វើទាំងឡាយរបស់ទ្រង់។