គឺពួក(ពុតត្បុត)ដែលកំពុងរង់ចាំមើលនូវអ្វីដែលនឹងកើតឡើងចំពោះពួកអ្នក(អ្នកមានជំនឿ)អំពីប្រការល្អ ឬប្រការអាក្រក់។ ប្រសិនបើពួកអ្នកទទួលបានជ័យជម្នះពីអល់ឡោះ ហើយពួកអ្នកទទួលបានទ្រព្យជ័យភណ្ឌនោះ ពួកគេនឹងនិយាយទៅកាន់ពួកអ្នកថា “តើពួកយើងមិនបានស្ថិតក្នុងចំណោមពួកអ្នកទេឬ ដោយពួកយើងបានចូលរួមធ្វើសង្រ្គាមដូចដែលពួកអ្នកបានធ្វើដែរនោះ?” ដើម្បីពួកគេមានចំណែកក្នុងទ្រព្យជ័យភណ្ឌដែរ។ តែនៅពេលដែលពួកគ្មានជំនឿទទួលបានជ័យជម្នះវិញនោះ ពួកគេនឹងនិយាយទៅកាន់ពួកគ្មានជំនឿថាៈ “តើពួកយើងមិនបានជួយរៀបចំកិច្ចការរបស់ពួកអ្នក និងជួយពួកអ្នកឱ្យទទួលជ័យជម្នះ និងការពារពួកអ្នកពីបណ្តាអ្នកដែលមានជំនឿ ដោយយើងបានជួយពួកអ្នក និងបោះបង់ពួកគេ(ពួកមានជំនឿ)ទេឬ?” អល់ឡោះជាម្ចាស់នឹងកាត់សេចក្ដីរវាងពួកអ្នកទាំងអស់គ្នានៅថ្ងៃបរលោក ហើយទ្រង់នឹងតបស្នងដល់បណ្ដាអ្នកដែលមានជំនឿនូវឋានសួគ៌ និងតបស្នងដល់ពួកពុតត្បុតដោយឱ្យពួកគេចូលឋាននរកបាតក្រោមបង្អស់។ ហើយនៅថ្ងៃបរលោក ដោយការប្រោសប្រទានពីអល់ឡោះនោះ ទ្រង់នឹងមិនឱ្យពួកដែលគ្មានជំនឿមានភស្តុតាងណាមួយមកដាក់បន្ទុកលើអ្នកមានជំនឿជាដាច់ខាត។ ផ្ទុយទៅវិញ ទ្រង់នឹងធ្វើឲ្យលទ្ធផលចុងក្រោយ(ដ៏ល្អប្រសើរ)សម្រាប់បណ្តាអ្នកមានជំនឿ ដរាបណាពួកគេនៅតែអនុវត្តន៍តាមក្បួនច្បាប់(របស់ទ្រង់) និងមានជំនឿដ៏ពិតប្រាកដ។