ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកណាសរ៉នីដែលជាពួកកាន់តាមគម្ពីរអ៊ីញជីលថាៈ ចូរពួកអ្នកកុំបំពានព្រំដែនកំណត់ក្នុងសាសនារបស់ពួកអ្នក ហើយចូរពួកអ្នកកុំនិយាយចោទប្រកាន់ទៅលើអល់ឡោះក្នុងរឿងរបស់ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ទ)ក្រៅពីការពិតឲ្យសោះ។ តាមពិត ម៉ាសៀហ អ៊ីសាកូនរបស់ម៉ារីយ៉ាំ គឺជាអ្នកនាំសារម្នាក់របស់អល់ឡោះដែលទ្រង់បានបញ្ជូនគេមកយ៉ាងពិតប្រាកដ។ ទ្រង់បានបង្កើតគាត់តាមរយៈពាក្យបន្ទូលរបស់ទ្រង់ដែលបានបញ្ជូនទៅកាន់ម៉ារីយ៉ាំ(នាងម៉ារី) តាមរយៈម៉ាឡាអ៊ីកាត់ជីព្រីល ដែលពាក្យបន្ទូលនោះគឺ “ចូរអ្នកកើតមានឡើង” ពេលនោះ គាត់ក៏បានកើតឡើងភ្លាម។ ហើយវាគឺជាការផ្លុំមួយអំពីអល់ឡោះ ដែលម៉ាឡាអ៊ីកាត់ជីព្រីលបានផ្លុំទៅតាមបទបញ្ជាពីអល់ឡោះ។ ដូច្នេះ ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះ និងបណ្តាអ្នកនាំសាររបស់ទ្រង់ទាំងអស់ដោយមិនត្រូវមានការបែងចែករវាងពួកគេនោះឡើយ។ ហើយចូរពួកអ្នកកុំនិយាយថា “ព្រះបី” ឲ្យសោះ។ ចូរពួកអ្នកបញ្ឈប់ការនិយាយពាក្យភូតកុហកដ៏អាក្រក់នេះ ព្រោះការបញ្ឈប់ការនិយាយពាក្យនេះ គឺវាល្អប្រសើរសម្រាប់ពួកអ្នកទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក។ តាមពិត អល់ឡោះគឺជាព្រះជាម្ចាស់តែមួយគត់។ ទ្រង់មហាបរិសុទ្ធពីការមានដៃគូ និងពីការមានបុត្រ។ ពិតណាស់ ទ្រង់គឺជាព្រះជាម្ចាស់ដ៏មហាមានលើសលប់។ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីៗដែលមាននៅលើផែនដី ព្រមទាំងអ្វីៗដែលមាននៅក្នុងមេឃនិងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ គ្រប់គ្រាន់ហើយចំពោះអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងផែនដីដែលមានអល់ឡោះជាម្ចាស់ជាអ្នកគ្រប់គ្រងនិងចាត់ចែងចំពោះពួកគេនោះ។